(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលសន្និបាតនេះ ត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចំនួនជនជាប់ឃុំប្រចាំឆ្នាំ២០១៧ (គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧) មាន ២៨,៤១៤នាក់ ក្នុងនោះស្រី ២,៤៤៣នាក់ និងចែកជាប្រភេទ៖

* ជនត្រូវចោទ ចំនួន៦,៧៦៣នាក់ (ស្រី ៦៥៦នាក់)
* ជនជាប់ចោទ ចំនួន៣,៤៤១នាក់ (ស្រី ៣៣២នាក់)
* ពិរុទ្ធជន ចំនួន១១,០៣៨នាក់ (ស្រី ៩៩០នាក់)
* ទណ្ឌិត ចំនួន៧,១៧២នាក់ (ស្រី ៤៦៥នាក់) ក្នុងនោះជនបរទេស ចំនួន១,១៤៨នាក់ (ស្រី ២៧១នាក់), អនីតិជន ចំនួន១,៥៥៥នាក់ (ស្រី៩៨នាក់), ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតាមម្ដាយ ចំនួន១៤៧នាក់ (ស្រី៧២នាក់)។

របាយការណ៍ប្រចាំឆ្នាំ ក៏បានបញ្ជាក់ថា ជនជាប់ឃុំថយចុះ ក្នុងឆ្នាំ២០១៧ មានចំនួន១១,០៥៥នាក់ (ស្រី១,០២៨នាក់) ដោយក្នុងនោះ ដោះលែង១០,៩៣៦នាក់ មានទណ្ឌិតចំនួន៧,១៧២នាក់ (ស្រី ៤៦៥នាក់), ពិរុទ្ធជន ចំនួន១១,០៣៨នាក់ (ស្រី ៩៩០នាក់), ធ្វើបត្យាប័នចេញ ២នាក់ ស្រីម្នាក់, លួចរត់រួច ១៧នាក់, ជនជាប់ឃុំស្លាប់ ១០០នាក់ (ស្រី ០៥នាក់)។

សូមជម្រាបថា ក្នុងចំណោមជនជាប់ឃុំទាំងអស់ មាន៥១.៧៦ភាគរយ ត្រូវបានចោទពីបទល្មើសគ្រឿងញៀន, ១៨.៨៨ភាគរយ ពីបទប្លន់ និងលួចមានស្ថានទម្ងន់ទោស, ៧.៩១ភាគរយ ពីបទឃាតកម្ម និងមនុស្សឃាត, ៧.៦៨ភាគរយ បទរំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗ ១៣.៧៧ភាគរយ៕​