(ភ្នំពេញ)៖ ជនដៃដល់ដែលបាញ់អ្នករត់តាក់ស៊ីត្រូវចំចង្កេះរបួសធ្ងន់កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ គឺមានឈ្មោះ ប៉ែន សាយ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយោធា បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ ហើយមានទីលំនៅ ផ្ទះលេខ ២៨២ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ចំណែកជនរងគ្រោះ មានឈ្មោះ ជុំ គា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ភូមិត្រពាំងអញ្ចាញ សង្កាត់តាំងកសាង ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើល កើតឡើងនៅវេលាម៉ោង៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចមុខរោងកុនអង្គរ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមន្ត្រីយោធាម្នាក់ចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា បានហៅរថយន្តតាក់ស៊ីជិះចេញចំការដូង ស្រាប់តែមកដល់មុខរោងកុនអង្គរ បានសួរអ្នកបើកតាក់ស៊ីថា ឃើញកាំភ្លើងខ្ញុំទេភ្លាមនោះ ពេលបានកាំភ្លើងខ្លីក៏បាញ់១គ្រាប់ ទៅលើអ្នកបើកបរតាក់ស៊ី នគររាជ ចំចង្កេះខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់ហើយ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ប្រភពពីបុរសម្នាក់ជាអ្នករត់តាក់ស៊ីជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីយោធាម្នាក់បានចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា បានទាក់ទងមកក្រុមហ៊ុននគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីនគររាជ ដែលប្រចាំការក្បែរនោះបើករថយន្តមកដឹកបុរសជនសង្ស័យលក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ ហើយពេលធ្វើដំណើរមកដល់មុខរោងកុនអង្គរ ជនសង្ស័យបានសួរអ្នកបើកតាក់ស៊ីរកកាំភ្លើងភ្លាមនោះ ដកកាំភ្លើងខ្លីបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ីនគររាជ ចំចង្កេះខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់ ហើយជនសង្ស័យបានចុះពីលើរថយន្តរត់គេចខ្លួន ចូលទៅពួននៅច្រកផ្លូវក្នុង នៅម្ដុំក្រោយសាលាសង្កាត់អូរឬស្សី១ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះធ្វើការដេញចាប់ឃាត់ខ្លួនបានតែម្ដង។
ក្រោយពីដេញតាមឃាត់ខ្លួនបានហើយ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី១ដើម (ម៉ាកប្រាហា) ពីជនសង្ស័យ រួចនាំខ្លួនទៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនិតីវិធីច្បាប់៕