(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់ចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រាបានហៅរថយន្តតាក់ស៊ីជិះចេញចំការដូង ស្រាប់តែមកដល់មុខរោងកុនអង្គរ បានសួរអ្នកបើកតាក់ស៊ីថា ឃើញកាំភ្លើងខ្ញុំទេភ្លាមនោះ ពេលបានកាំភ្លើងខ្លីក៏បាញ់១គ្រាប់ ទៅលើអ្នកបើកបរតាក់ស៊ី នគររាជ ចំចង្កេះខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់ហើយ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើល កើតឡើងនៅវេលាម៉ោង៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចមុខរោងកុនអង្គរ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីបុរសម្នាក់ជាអ្នករត់តាក់ស៊ីជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីយោធាម្នាក់បានចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា បានទាក់ទងមកក្រុមហ៊ុននគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីនគររាជ ដែលប្រចាំការក្បែរនោះបើករថយន្តមកដឹកបុរសជនសង្ស័យលក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ ហើយពេលធ្វើដំណើរមកដល់មុខរោងកុនអង្គរ ជនសង្ស័យបានសួរអ្នកបើកតាក់ស៊ីរកកាំភ្លើងភ្លាមនោះ ដកកាំភ្លើងខ្លីបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ីនគររាជ ចំចង្កេះខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់ ហើយជនសង្ស័យបានចុះពីលើរថយន្តរត់គេចខ្លួន ចូលទៅពួននៅច្រកផ្លូវក្នុង នៅម្ដុំក្រោយសាលាសង្កាត់អូរឬស្សី១ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះធ្វើការដេញចាប់ឃាត់ខ្លួនបានតែម្ដង។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានបន្តទៀតថា ជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុន នគររាជ ត្រូវបានជនសង្ស័យបាញ់១គ្រាប់ ចំចង្កេះខាងស្ដាំ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ខណៈនេះគ្រាប់កាំភ្លើងនៅបៀមជាប់មិនទាន់ដកចេញបានទេ ទើបបញ្ជូនចូលទៅបន្ទប់សង្គ្រោះបន្ទាន់។
ក្រោយពីដេញតាមឃាត់ខ្លួនបានហើយ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី១ដើម (ម៉ាកប្រាហា) ពីជនសង្ស័យ រួចនាំខ្លួនទៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនិតីវិធីច្បាប់៕