(ពោធិ៍សាត់)៖ រថយន្តHYUNDIAដឹកថ្ម បានសាកកម្លាំងជាមួយរថយន្តរ៉ូឡូកិនដី ក្រឡាប់ខ្ទេចស្ទើរទាំងស្រុង រងរបួសធ្ងន់ស្រាលមនុស្សពីរនាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង០៥នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចA៤ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយរថយន្តHYUNDAI ដឹកថ្មពេញ របស់ក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ៥៥ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានចុះចំណោតស្របពេលហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុកនឹងរថយន្តរ៉ូឡូកិនដី ធ្វើដំណើរស្របទិសគ្នា បណ្តាលអ្នកបើកបររថយន្តHYUNDIA រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង និងអ្នកបើករថយន្តរ៉ូឡូ រងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកវាលវែង ខណៈរថយន្តទាំងពីរខ្ទេចស្ទើរតែមើលមិនយល់។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្ទូចយករថយន្តមករក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ៕