(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម បានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី អ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញនាំចូល (ជំនាន់ទី១) ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី សិក្ខាកាមដែលមកពីបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន៦០នាក់។
នៅក្នុងឱកាសនោះ លោក អ៊ុក ប្រជា បានលើកឡើងថា ការបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រង និងពង្រឹងសមត្ថភាព អ្នកតំណាងស្របច្បាប់របស់សហគ្រាស ក្រុមហ៊ុន ព្រមទាំងពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រកាសសេចក្តីជូនដំណឹងពាក់ព័ន្ធដល់ ការផ្តល់ឯកសារទាក់ទងនឹងការនាំចេញ-នាំចូល លើកកម្ពស់ការផ្តល់សេវានាំចេញ-នាំចូល ឲ្យមានប្រសិទ្ធភាព និងស្របតាមការកែទម្រង់របស់ក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរ លោក អ៊ុក ប្រជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងរយៈពេលជាង២ ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលមានចំណូលមធ្យម និងត្រូវបានគេចាត់ទុកថាជាសត្វខ្លាថ្មីនៅអាស៊ី ដោយកំណើនសេដ្ឋកិច្ចរឹងមាំ ជាមធ្យម ៧%។
ស្របជាមួយនឹងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅដំណាច់ឆ្នាំ២០១៥ រួមទាំងក្តីរំពឹងក្នុងការចចារបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលអនាគតកម្ពុជា បានភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារក្នុងតំបន់ ឬរោងចក្រនៅអាស៊ី ដែលមានសក្តានុពល តាមរយៈការវិនិយោគ ដើម្បីពង្រីកមូលដ្ឋានផលិតកម្ម ការកសាង និងកែលំអបណ្តាញដឹកជញ្ជូន និងភស្តុភារពាណិជ្ជកម្ម ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងការកែទម្រង់ប្រព័ន្ធច្បាប់ និងស្ថាប័ន។
បើតាមមន្ដ្រីជាន់ខ្ពស់រូបនេះ ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ក្នុងការកសាងច្បាប់គតិយុត្តិ និងនីតិវិធីនានា ដើម្បីឲ្យស្របតាមបរិបទ នៃការរីកចម្រើនសេដ្ឋកិច្ចជាសកល បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការសម្រួលពាណិជ្ជកម្ម ដោយកាត់បន្ថយនូវការិយាល័យធិបតេយ្យ ដោយដាក់ឲ្យអនុវត្តបញ្ជរតែមួយ និងបានដាក់ឲ្យប្រើប្រាស់នូវការសុំវិញ្ញាបនបត្រប្រភពដើមទំនិញ ការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជសញ្ញាតាមអនឡាន ដើម្បីជាកិច្ចសម្រួលពាណិជ្ជកម្ម។
ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើប្រតិភូកម្មអំណាចឲ្យមន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែនក្នុងការចេញវិញ្ញាបនបត្រប្រភពដើមទំនិញទម្រង់D។ ដូចច្នេះតម្រូវការបំពេញបែបបទសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ការសុំវិញ្ញាបនបត្រប្រភពដើមត្រូវបានកាត់បន្ថយពេលវេលាយ៉ាងច្រើន ហើយតម្រូវការមូលធនតំកល់សាច់ប្រាក់ ធ្វើអាជីវកម្មនៅធនាគារសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ក៏ត្រូវបានកាត់បន្ថយផងដែរ។
ជាមួយគ្នានេះ លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានលើកឡើងអំពីដំណើរការនៃការជ្រើសរើសបេក្ខជនចូលរួមវគ្គបណ្តុះបណ្តាលជំនាន់ទី១នេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។
ចំពោះលក្ខខណ្ឌដើម្បីអាចចុះឈ្មោះចូលរួមបាន បេក្ខជនតម្រូវឲ្យមានសញ្ញាបត្រទុតិយភូមិ ឬសញ្ញាបត្រសមមូល ឬសញ្ញាបត្រដែលមានតំលៃធំជាង បេក្ខជនត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេស និងតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការប្រឡងបញ្ចប់។ បេក្ខជនបានដាក់ពាក្យសុំចូលរៀនសរុបចំនួន ១៥០នាក់ ដែលមកពីបណ្តាបុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងក្រុមហ៊ុនវិជ្ជាជីវៈមេធាវីជាដើម។ ដោយផ្តោតលើគុណភាព និងការបង្រៀនកាន់តែមានប្រសិទ្ធភាព វគ្គទី១នេះមានបេក្ខជនចំនួន ៦០នាក់ប៉ុណ្ណោះ ចំពោះបេក្ខភាពផ្សេងទៀត ក្រសួងនឹងធ្វើការបណ្តុះបណ្តាលនៅវគ្គបន្តបន្ទាប់៕