(ភ្នំពេញ)៖ អង្គការអ្នកកាសែតគ្មានព្រំដែនបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងក្លាយទៅជាអង្គការផលិតព័ត៌មានក្លែងក្លាយហើយធ្វើការឃោសនាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងអស់នោះដើម្បីវាយប្រហារ ឬក៏ចោទប្រកាន់ទៅលើគូប្រជែងរបស់ខ្លួន ក្រោមលេសជារបាយការណ៏បានមកពីការស៊ើបអង្កេតតាមបែបលំអៀងរបស់ខ្លួន។
របាយការណ៏ដែលផលិតឡើងដោយលោក ដានីញ៉ែល បាស្ដស្ដាដ (Daniel Bastard) ប្រធានការិយាល័យអាស៊ីប៉ាស៉ីហ្វិក នៃអង្គការអ្នកកាសែតគ្មានព្រំដែនសរសេរតាមបែបប្រើ អារម្មណ៏ស្រមើស្រម៉ៃ សរសេរតាមរបៀបធ្វើការសន្និដ្ឋានទាំងដុល និងអត្តនោម័តចំនួន២៧ទំព័រ ត្រូវបានអង្គការនេះធ្វើការផ្សព្វផ្សាយ។ ប៉ុន្តែរបាយកាណ៏នេះត្រូវបានគេមើលឃើញថា អ្នកសរសេរមានចេតនាធ្វើ ជាចៅក្រមកាត់សេចក្ដីដើម្បីចោទប្រកាន់ទៅលើសហភាតរៈរបស់ខ្លួនច្រើនជាង ព្រោះយោងតាមរបាយការណ៏ដែលអង្គការនេះផលិតឡើងភាគច្រើនគឺជា របាយការណ៏បានមក តាមរយៈការសន្និដ្ឋាន និងការសន្មត់ដោយអត្តនោម័តខ្លួនឯងតែប៉ុណ្ណោះ។
ជាក់ស្ដែងរបាយការណ៏ដែលសរសេរដោយលោក ដានីញ៉ែល បាស្ដស្ដាដ នេះ បានធ្វើការចោទប្រកាន់ទាំងងងើលមកលើអង្គភាពព័ត៌មាន Fresh News ដែលជាសហភាតរៈរួមអាជីពរបស់ខ្លួនថាជា រោងចក្រផលិតព័ត៌មានក្លែងក្លាយ។ ហើយរបាយការណ៏ក៏ដកស្រង់សំដីអ្នកនិពន្ធម្នាក់ដែលគ្រាន់តែជាសំដីយល់ឃើញ និងធ្វើការសន្និដ្ឋានតាមរបៀបស្មានៗថា Fresh News គឺជាប្រព័ន្ធផ្សព្វផ្សាយឃោសនាសម័យឌីជីថលថ្មី របស់រដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បង្កើតឡើងជំនួសប្រព័ន្ធផ្សព្វផ្សាយចាស់ AKP ដែលហួសសម័យ និងមិនមាននរណាយកចិត្តទុកដាក់ទៀតផង។
មិនតែប៉ុណ្ណោះសូម្បីតែពេលក្រុមសង្គមងងឹតចូលហេក (Hacker) Facebook Fresh News កាលពីចុងឆ្នាំកន្លងទៅដោយសរសេរបង្ហោះព័ត៌មានថា សម្ដេចតេជោហ៊ុន សែន ត្រូវបានគេធ្វើឃាតនោះក៏អ្នកសរសេររបាយការណ៏ធ្វើការសន្មត់ចោទប្រកាន់ថា ជាល្បិចបង្កើតឡើងដើម្បីយកលេសបង្កើតច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមអ៉ិនធឺណេតទៅវិញ ខណៈអង្គភាពព័ត៌មាន Fresh News បានខិតខំធ្វើការទាញយកទម្រាំដណ្ដើមយកមកគ្រប់គ្រងបានវិញ ដោយក្នុងនោះថែមទាំងបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃទៀតផង តែបែរជារបាយការណ៏សរសេរ តាមរបៀបសន្មត់គ្មានដឹងខ្យុល់ថា ជា «ល្បិច» ទៅវិញ។
ក្នុងនោះរបាយការណ៍ក៏បានចោទប្រកាន់ថា Fresh News មិនសូវខ្វល់ខ្វាយអំពីក្រមសីលធម៌សារព័ត៌មាន ហើយជាបណ្ដើរៗធ្វើឲ្យខ្លួនឯងក្លាយទៅជារោងចក្រផលិតព័ត៌មានក្លែងក្លាយដ៏ធំបំផុតនៅកម្ពុជា។ ប៉ុន្តែអ្នកសរសេររបាយការណ៏ដែលមានខួរក្បាលប្រឆាំងផ្កាប់មុខបែរ ជាមិនបានធ្វើការសន្មត់ ឬធ្វើការសន្និដ្ឋានទៅលើការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី បច្ចុប្បន្នថា តើមានក្រមសីលធម៌មានវិជ្ជាជីវៈព័ត៌មានប៉ុន្មានភាគរយនោះទេ ខណៈព័ត៌មានខ្លះគឺជាព័ត៌មានបំភ្លៃប្រឌិតសុទ្ធសាធក៏វិទ្យុនេះយកទៅច្នៃផ្សាយបំពុលបរិយាកាសនៅកម្ពុជាបានដែរ។
តាមពិតរបាយការណ៏នេះ វាគ្រាន់តែជារបាយការណ៏ដែលគេជួលឲ្យសរសេរដើម្បីវាយប្រហារទៅលើរាជរដ្ឋាភិបាលកម្ពុជា និងបន្ទុចបង្អាក់សហភាតរៈដែលមានភាពរីកចំរើន និងល្បីល្បាញលើការផ្សព្វផ្សាយព័ត៌មានតែប៉ុណ្ណោះ តួយ៉ាងដូចជាអង្គភាពព័ត៌មាន Fresh News ជាដើម។
សរុបសេចក្ដីមកអង្គការអ្នកកាសែតគ្មានព្រំដែនបានចេញមុខធ្វើការចោទប្រកាន់មកលើអង្គភាពព័ត៌មាន Fresh News ជាចំហនេះ ប៉ុន្តែអង្គការដែលដឹកនាំដោយមនុស្សគ្មានជំនាញនេះ ភ្លេចគិតថា បច្ចុប្បន្នខ្លួនឯងកំពុងផលិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ធំបំផុតនៅលើពិភពលោកនោះទេ ព្រោះកុំភ្លេចថា របាយការណ៏ដែលលោក ដានីញ៉ែល របស់អង្គការ អ្នកសារព័ត៌មានគ្មានព្រំដែនផលិតចេញមកនេះ «គឺជារបាយការណ៏ក្លែងក្លាយសុទ្ធសាធ»៕