ព្រឹកស្អែក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យមើលវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ ហើយកំណត់ពេលប្រជុំពេញអង្គ
19-02-2018 18:48
(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សា និងពិនិត្យមើល វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំង សេចក្តីព្រាងច្បាប់ ចំនួន២ទៀត។ ជាមួយគ្នានោះ ក្នុងកិច្ចប្រជុំថ្ងៃស្អែក ព្រឹទ្ធសភាក៏នឹងកំណត់ពេលប្រជុំពេញអង្គ ដើម្បីឱ្យយោបល់ សេចក្តីព្រាងទាំងនោះ ផងដែរ។ នេះបើតាមការអះអាងរបស់ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ ដែលនឹងពិនិត្យនៅថ្ងៃស្អែកនេះ រួមមាន សេចក្តីព្រាងធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ, សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-វៀតណាម
សូមបញ្ជាក់ថា សេចក្តីព្រាងទាំង៤នេះ ត្រូវបានរដ្ឋសភា អនុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕