(កណ្តាល)៖ តំណាងកម្មកររោងចក្រ ហ្គាវ័ន្ត (Gawon Apparel Co,ltd)ចំនួន៣១៦នាក់ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្នើសុំឱ្យតុលាការខេត្តកណ្តាល លុបដីកាសម្រេចរក្សាការពារលេខ៣៨៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ និងស្នើសុំអន្តរាគមន៍ឲ្យបើកច្រកចេញចូលរោងចក្រ ដើម្បីឱ្យពួកគាត់ដែលជាកម្មករភាគច្រើន លើសលប់បានចូលធ្វើការវិញ។
ការដាក់ពាក្យសុំឲ្យតុលាការលុបដីកាខាងលើនេះ បានកើតមានឡើង បន្ទាប់ពីតុលាការខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ បានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិ ទាំងឡាយរបស់រោងចក្រតែម្តង ស្របពេលដែលរោងចក្រកំពុងដំណើរការសង្វាក់ផលិតកម្ម និងកំពុងបន្តអនុវត្តតាមខ្លឹមសារ នៃដីកាសម្រេចរក្សាការពារលេខ០១៧ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកណ្ដាល ហើយត្រូវបានអនុវត្តរួចរាល់ហើយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយអាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
លិខិតរបស់ក្រុមកម្មករបានបញ្ជាក់ថា ដីកាសម្រេចលេខ៣៨៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧របស់តុលាការនេះ នាំឱ្យមានផលអវិជ្ជមានដូចជា៖
ទី១៖ បាត់ទំនុកចិត្តចំពោះអ្នកវិនិយោគលើវិស័យកាត់ដេរ
ទី២៖ ប៉ះពាល់ដល់ការនាំចេញឥវ៉ាន់ ទៅអ្នកបញ្ជាទិញឲ្យបានទាន់ពេលវេលា
ទី៣៖ នាំឱ្យអ្នកបញ្ជាទិញ មិនទម្លាក់លុយដើម្បីបើកឱ្យកម្មករ។
ក្រុមកម្មករបានបន្តទៀតថា ពេលមានកូដកម្មអាជ្ញាធរ និងមន្រ្តីជំនាញមិនមានដំណោះស្រាយនោះទេ ខណៈដែលសហជីពស៊ីខាវឌូ បិទច្រកចេញចូលរបស់រោងចក្រ ដែលនេះបានបង្ហាញពីការបោកឆ្នាំងបាយរបស់កម្មករភាគច្រើន។
ជាមួយគ្នានេះ ក្រុមកម្មករបានដាក់លិខិតមួយច្បាប់ទៀត ជូនលោករដ្ឋមន្ត្រីក្រសួងការងារ ដើម្បីជួយធ្វើអន្តរាគមន៍ផងដែរ។ ទន្ទឹមនោះ ក៏មានការប៉ះទង្គិចគ្នារវាងកម្មករ ចូលធ្វើការ និងកម្មករមិនចូលធ្វើការកើតឡើងជាញឹកញាប់ តែករណីនេះតុលាការខេត្តកណ្តាលមិនទាន់ចាត់ការដោះស្រាយនៅឡើយ៕