(កំពង់ចាម)៖ កម្មករ-កម្មការិនី ក្រុមហ៊ុន វ៉ាឡុង (ខេមបូឌា) ប្រមាណ១០០០នាក់ ដែលមានទីតាំងស្ថិតនៅភូមិឈើទាល ឃុំផ្ដៅផុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តធ្វើកូដកម្ម មិនទាន់ចូលធ្វើការវិញទេ រហូតមដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីផ្ទុះកូដកម្មតវ៉ាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន១៣ចំណុច។
បន្ទាប់ពីមានកូដកម្មនេះ គណៈកម្មការជំនាញរួមមាន៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម, ស្នងការរងខេត្តទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់, លោក ចេង ហ៊ាន ប្រធានមន្ទីរការងារ (ដឹកនាំមន្រ្ដីជំនាញ៥រូប), លោកអធិការរងស្រុកជើងព្រៃ, លោកមេបញ្ជាការរងស្រុកជើងព្រៃ, តំណាងក្រុមហ៊ុន វ៉ា ឡុង និងតំណាងកម្មករជាច្រើនរូប បានចុះទៅដោះស្រាយ
តែជាលទ្ធផលដំណោះស្រាយ មិនត្រូវបានកម្មករទទួលយកបានទេ ទើបធ្វើឱ្យកម្មករផ្ទុះកូដកម្មដល់ថ្ងៃទី១៥ ១៦ និង១៩ ខែកុម្ភៈឆ្នាំ ២០១៨នេះ។
រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមកកម្មករ-កម្មការិនី មិនទាន់ចូលធ្វើការនៅឡើយទេ ហើយសំណូមពររបស់កម្មករ គឺនៅតែទាមទារឱ្យក្រុមហ៊ុនដោះស្រាយ តាមការសន្យាដែលក្រុមហ៊ុនធ្លាប់បានសន្យាកន្លងមកច្រើន លើកច្រើនសារ ជាមួយកម្មករតែមិនអនុវត្តដែលជាហេតុបណ្តាលឱ្យ មានកូដកម្មនេះកើតឡើង៕