(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពឃោសនាបោះឆ្នោត សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាម គ.ជ.ប បានឲ្យដឹងថា គណបក្សទាំង២ ដែលបានធ្វើសកម្មភាពឃោសនា នៅថ្ងៃនេះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដោយឡែក គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនបានធ្វើការហែក្បួនឃោសនានោះទេ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពប្រជុំផ្សព្វផ្សាយ និងចាក់មេក្រូផ្សាយពីសារនយោបាយ នៅតាមទីស្នាក់ការរបស់គណបក្សទូទាំងប្រទេស។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១០ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានហិង្សា និងគ្មានបណ្តឹងណាមួយនោះទេ៕