(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំការប្រកួតប្រជែងស្វែងរកស្រ្ដីឆ្នើមជ័យលាភីចំនួន៣រូប ក្នុងកម្មវិធី «ស្រ្ដីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា»។
កម្មវិធីនេះធ្វើឡើងនេះ ក្នុងគោលបំណងលើកទឹកចិត្តស្រ្ដីឲ្យចូលរួមកាន់តែច្រើន លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការពាំនាំ និងកែប្រែកម្ពុជាឲ្យក្លាយ ទៅជាប្រទេសមួយ ដែលមានសក្ដានុពល និងការរីកចម្រើនក្នុងយុគសម័យឌីជីថល។
កម្មវិធីនេះផ្តោតលើប្រធានបទ «ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» ហើយក្រសួងប្រៃសណីយ៍ បានប្រកាសស្វែងរកបក្ខភាពជាស្រ្ដី ដែលចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ បន្ទាប់មកក្រសួងនឹងធ្វើការជ្រើសរើស វាយតម្លៃ ចំរាញ់រកស្រ្ដីឆ្នើមដែលមានគុណសម្បតិ្តគ្រប់គ្រាន់ លើវិស័យបច្ចេកវិទ្យានេះចំនួន៣រូប ដែលនឹងត្រូវទទួលពានរង្វាន់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ។
ពាន់រង្វាន់ផ្នែកបច្ចេកវិទ្យាចំនួន០៣ រួមមាន៖ ១៖ សហគ្រិនឆ្នើមស្រ្ដីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) ២៖ វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) ៣៖ ស្រ្តីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT For Community Award)។
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កន្លងមកមើលឃើញថា ស្រ្តីកម្ពុជាមានចំនួនតិចតួចណាស់ ដែលបានចាប់យកជំនាញ និងធ្វើការក្នុងវិស័យនេះ ទោះជាពួកគាត់មានសមត្ថភាព និងការច្នៃប្រឌិតប្លែកៗមិនចាញ់បុរសក៏ដោយ។
លោកបានបន្ដទៀតថា ដើម្បីជំរុញការចូលរួមបន្ថែមទៀត យើងចាំបាច់ត្រូវបង្កើតកម្មវិធីលើកទឹកចិត្តនានា ជាក់ស្ដែងដូចកម្មវិធី «ស្រ្ដីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា» ផងដែរ។ ជាលទ្ធផល ពានរង្វាន់ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យានេះ នឹងជួយបំផុសទឹកចិត្តឱ្យស្រ្តីដទៃទៀត ចាប់អារម្មណ៍ និងចូលរួមជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ស្រ្តីឆ្នើមនៅកម្ពុជាទាំង០៣ ដែលត្រូវបានជ្រើសរើសត្រូវតែជា ក្រុមស្ត្រីកម្ពុជាដែលមានសក្តានុពលក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់នូវជំនាញរបស់ខ្លួន ដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជាក្នុងសហគមន៍របស់ខ្លួន រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវតែជាស្រ្តីកម្ពុជា ដែលបានលះបង់នូវពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្ម នៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយ ក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើ ផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម។
សម្រាប់សាធារណៈជនអាចចូលរួមក្នុងកម្មវិធីនេះបាន ដោយស្នើបេក្ខភាព ស្រ្តីដែលលោកអ្នកគិតថាជាស្រ្តីឆ្នើម ឬស្រ្តីគំរូក្នុងវិស័យនេះ។ ការស្នើបេក្ខភាពអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅក្នុងតំណភ្ជាប់ http://cbrd.gov.kh/nominations ឬទំនាក់ទំនងតាមសារអេឡិកត្រូនិក [email protected] ឬ តាមទូរស័ព្ទលេ៖ ០២៣ ៧២៣ ១២១ ឬ០៨៦ ៤៧ ៨៧ ៧២៕