(ប៉ៃលិន)៖ លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពអាងស្តុបទឹក និងប្រឡាយនៅភូមិអូរដូនតា ឃុំស្ទឹងត្រង់ និងប្រឡាយភ្នំស្ពង់ ក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពីប្រជាពលរដ្ឋដែលរំលោភយកដីមាត់អាង និងខ្នងប្រឡាយផងដែរ។
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានឲ្យដឹងថា ពាក់ព័ន្ធករណីចុះពិនិត្យនេះដែរ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាពអាងស្តុបទឹក នៅអូរដូនតា ដែលប្រជាពលរដ្ឋ២-៣គ្រួសារ ចាក់ដីរំលោភយកដីចំណីអូរ។
លោកថា «ដោយសារតែអាងយើងមានទំហំតូច ប្រសិនបើពួកគាត់នៅតែប្រព្រឹត្តដូច្នោះ អាងទឹករបស់យើងវារឹតតែតូចទៅៗ ហើយបើប្រជាពលរដ្ឋ ឃើញមួយចាក់ដីចូលមាត់អាងហើយ ប្រាកដជាមានប្រជាពលរដ្ឋផ្សេងទៀត ចាក់ចូលដែរហើយ ដូច្នោះបញ្ហាវាបង្កទៅជាមានភាពអាណាធិបតេយ្យផងដែរ»។
លោកប្រធានមន្ទីរ បានបន្តទៀតថា ចំណែកបញ្ហាមួយទៀត ក្រុមការងារបានចុះទៅពិនិត្យមើលប្រជាពលរដ្ឋ ដែលដាំស្វាយលើដីចំណីអូរ ស្ថិតក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ដែលករណីនេះគឺយើង បានធ្វើជាច្រើនដងមកហើយ ប៉ុន្តែមិនបានជោគជ័យ ទើបនៅថ្ងៃនេះ លោក ធូ ភា អភិបាលរងខេត្ត ដែលគាត់ទទួលបន្ទុកធនធានទឹក ចុះមកផ្ទាល់ ព្រមទាំងស្វែងរកដំណោះ ធ្វើយ៉ាងណា យើងត្រូវឈ្នះទាំងអស់គ្នា។
ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏សំណូមពរដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់លើដីចំណីអូរ ដីចំណីស្ទឹងសូមមេត្តាឈប់រំលោភ ព្រោះវាជាអំពើខុសច្បាប់ផងដែរ៕