(ប៉ៃលិន)៖ សាលារៀនមួយខ្នង ដែលបានដំណើរការរៀនសូត្រ រយៈពេល១២ឆ្នាំ កន្លងមកនេះ ត្រូវបានចាស់ទ្រុឌទ្រោមខ្លាំង ជាហេតុធ្វើឲ្យអាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរសុំឲ្យអាជ្ញាធរខេត្ត ក៏ដូចមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មេត្តាជួយសាងសង់អគារសិក្សាថ្មី មួយខ្នង ដើម្បីជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍន៍ ធនធានមនុស្ស ក្នុងមូលរបស់ពួកគាត់។

សាលារៀន ដែលចាស់ទ្រុឌទ្រោមនេះដែរ ស្ថិតក្នុងភូមិវាលចែងធំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសិស្សចូលសិក្សាជាង៤០នាក់ផងដែរ។

លោក ឈូក គឹមលៀង ជាប្រជាពលរដ្ឋភូមិវាលចែង ឃុំអូរអណ្តូង បានរៀបចំឲ្យដឹងថា សាលាវាលចែង បានបង្កើតឡើងនៅឆ្នាំ២០០៦ ក្រោមការជួយឧបត្ថម្ភពីលោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នូវថវិកាចំនួន ៥២០ដុល្លារ ដោយយើងទិញបានស័ង្ខសីប្រក់ ចំណែកឈើ គឺយើងរួមគ្នាម្នាក់បន្តិចៗ ក៏បានកើតជាសាលាមួយខ្នងនេះ។

លោក បានបន្តថា ជាអកុសល់ ក្រោយមកសាលាមួយនេះ ត្រូវបានខ្យល់ព្យុះ ប៉ើងខូចខ្ទេចគ្មានសល់ បន្ទាប់ដោយមានការជួយគ្នា រវាងអាជ្ញាធរស្រុក /ឃុំ/ និងប្រជាពលរដ្ឋ យើងក៏បាន បង្កើតសាលាថ្មី រហូតមកដល់សព្វថ្ងៃ ប៉ុន្តែសាលានេះ បានចាស់ទ្រុឌទ្រោម ទៅហើយដែរ ពេលមានភ្ញៀងមកម្តងៗ គឺមានការសាចទឹកចូលក្នុងថ្នាក់ រៀនមិនកើតនោះទេ ហើយបើ ជញ្ជាំងវិញ គឺឆ្លុះឆ្លាយ សិស្សមើលក្តាខៀន មិនឃើញអក្សរក៏មានដែរ។

ជាមួយគ្នានេះដែរ លោកក៏សូមសំណូមពរ ដល់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក៏មន្ទីរអប់រំខេត្ត មេត្តាជួយសាងសង់អគារសិក្សាថ្មី ជូនប្រជាពលរដ្ឋ នៅភូមិវាលចែងនេះផង ព្រោះភូមិវាលចែង ជាភូមិដាច់ស្រយាលជាងគេ នៅខេត្តប៉ៃលិនផងដែរ។

ចំណែកលោក ដេង ទូច ជាគ្រូបង្រៀននៅសាលាបឋមសិក្សាចែងធំ បានឲ្យដឹងដែរថា សព្វថ្ងៃសិស្សមានចំនួនជាង៤០នាក់ ដោយចែកជាពីរពេល គឺពេលព្រឹក និងពេលថ្ងៃ ហើយកាលពី មុននៅសាលាមួយនេះ មានសិស្សចូលរៀនជាង៨០នាក់ តែក្រោមមកដោយសារតែសាលាចាស់ មានសភាពទ្រុឌទ្រោមខ្លាំង បានបង្ខាំចិត្តសិស្សមួយចំនួន ផ្លាស់ទៅរៀនសាលាផ្សេងតែ ប្រសិនជាមានសាលាថ្មី គឺប្រហែលជាមានសិស្សច្រើន ដូចពេលមុនៗ។

លោកគ្រូ ក៏បានសំណូមពរ ដល់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត និងមន្ទីរអប់រំ សូមមេត្តាជួយសាងសង់អគារសិក្សាថ្មីមួយខ្នង ២បន្ទុបក៏បាន ៣បន្ទុបក៏បាន ដើម្បីសិស្សនៅមូលដ្ឋាន ភូមិវាលចែង កុំទៅរៀនសាលាផ្សេង ព្រោះបើទៅរៀនសាលាផ្សេង គឺវាឆ្ងាយពិបាកធ្វើដំណើរផងដែរ។

ពាក់ព័ន្ធបញ្ហាខាងលើ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានថ្លែងឲ្យដឹងថា ក្រុមការងារមន្ទីរ បានចុះទៅពិនិត្យទីតាំងហ្នឹងហើយ ព្រមទាំងមានគម្រោង ធ្វើអគារថ្មីមួយខ្នង ៣បន្ទប់ សម្រាប់ឲ្យសិស្សនៅទីនោះ ជៀសវាងទៅរៀនសាលាឆ្ងាយ ហើយយើងនិងធ្វើនៅក្នុងឆ្នាំ២០១៨នេះផងដែរ៕