(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ជាង ១៥០នាក់ មកពីទីតំាងគោលទួលគោក ទីតាំងស្ទឹងមានជ័យ និងសាខាសាកលវិទ្យាល័យឯកទេស នៃកម្ពុជាខេត្តកំពត បានធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សារួមគ្នាចំនួន១យប់២ថ្ងៃនៅចុងសប្តាហ៍កន្លងទៅនេះ នៅតំបន់ឆ្នេរខេត្តកែប រមណីយដ្ឋានទេសចរណ៍ណាត់តាយ៉ា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តទឹកឈូខេត្តកំពត និងតំបន់ទេសចរណ៍ក្នុងស្រុកហាទៀន ខេត្តគៀនយ៉ាង ប្រទេសវៀតណាម។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង និងជាប្រធានក្រុមដឹកនាំដំណើរទស្សនកិច្ចសិក្សានេះ បានថ្លែងថា ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសំខាន់៤គឺ៖ ១-ផ្តល់ឱកាសឲ្យនិស្សិតផ្សាភ្ជាប់ទស្សនកិច្ចសិក្សាទៅនឹងទំនាក់ទំនងស្និទ្ធស្នាលរវាង និស្សិតមកពីទីតាំងផ្សេងៗ របស់សាកលវិទ្យាល័យ ២-ផ្សាភ្ជាប់រវាងទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់ទៅនិងទិដ្ឋភាពជាក់ស្តែងក្នុងរមណីយដ្ឋានទេសចរណ៍ធម្មជាតិតំបន់ឆ្នេរសមុទ្រជាដើម ៣-សិក្សាស្វែងយល់ដកបទពិសោធន៍ និងស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋវៀតណាមនៅក្នុងស្រុកហាទៀន ខេត្តគៀនយ៉ាងប្រទេសវៀតណាម និង៤-ដើម្បីអបអរភាព ជោគជ័យរបស់ខ្លួនពិសេសការអភិវឌ្ឍគុណភាពបណ្តុះបណ្តាលបានកាន់តែល្អ និងអបអរសាទរកំណើនអត្រាចុះ ឈ្មោះចូលរៀនខ្ពស់ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា។
កញ្ញា ប៉ូច រដ្ឋា និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី ១៦ ឯកទេស គណនេយ្យ មកពីទីតាំងគោលរាជធានីភ្នំ ពេញ បានចាប់អារម្មណ៍ថា រូបកញ្ញាផ្ទាល់ពិតជាមានមោទនភាពជាមួយនិង សាកលវិទ្យាល័យណាស់ដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ដកបទពិសោធន៍ទៅលើរមណីយដ្ឋានទេសចរណ៍ធម្មជាតិតំបន់ឆ្នេរនៅក្នុងខេត្តកំពត-ខេត្តកែប និងទិដ្ឋភាពដ៏ត្រកាលនៃភ្នំបូកគោធ្វើឲ្យរូបកញ្ញាយល់ច្បាស់ថាទីនេះជាឱសថព្យាបាលជំងឺស្ត្រេសបានយ៉ាងប្រសើរបំផុត។
កញ្ញា សាន ម៉េងលី និស្សិតឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី ១៦ ឯកទេសហិរញ្ញវត្ថុ និងធនាគារ មកពីសាកលវិទ្យាល័យឯកទេស នៃកម្ពុជាទីតាំងស្ទឹងមានជ័យ បានលើកឡើងថា រូបកញ្ញាផ្ទាល់បានទទួលនូវចំណេះដឹង បទពិសោធន៍ជាច្រើនពីដំណើរទស្សនកិច្ចនេះគឺ៖ ១-បានស្គាល់បងប្អូននិស្សិតដែលមកពីសាខានីមួយៗនិងបានចូលរួមពិភាក្សាគ្នាអំពីការសិក្សាស្រាវជ្រាវ ២-បានឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកកំសាន្តនៅតំបន់ឆ្នេរដ៏ប្រណិតដែលជាតារារះនៅទិសនិរតី និងទស្សនានៅរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តទឹកឈូ ៣-បានចូលរួមទស្សនាការបង្ហាញរបស់គណៈគ្រប់គ្រងនៃរមណីយដ្ឋានទេសចរណ៍ណាត់តាយ៉ា ៤-ជាពិសេសជាងនេះទៅទៀតគឺទទួលបាននូវអនុសាសន៍ណែនាំដ៏មានអត្ថន័យពីគណៈកម្មការដឹកនាំក្បួនក្នុងការជំរុញនិស្សិតឲ្យយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួនដូចជាការគោរពវិន័យក្នុងការសិក្សាស្រាវជ្រាវទើបបានជោគជ័យដើម្បីក្លាយជាអ្នកជំនាញប្រកបដោយគុណវុឌ្ឍិខ្ពស់បាន ព្រមទាំងបានទៅសិក្សាស្វែងយល់ដកបទពិសោធន៍និងស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋវៀតណាមទៀតផង។
គួរបញ្ជាក់ផងដែរតាមលទ្ធផលនៃការធ្វើអង្កេតនិស្សិតជ័យលាភី ក្នុងពិធីប្រគល់សញ្ញាបត្រកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០១៧ និស្សិតជ័យលាភីចំនួន៥៨០៨នាក់ បានទទួលសញ្ញាបត្រនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រក្រោមអធិបតីដ៍ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាមានការងារធ្វើ៨៩,០៥% ក្នុងនោះកម្រិតបរិញ្ញាបត្ររងមានការងារធ្វើ៨០,៧៧% កម្រិតបរិញ្ញាបត្រមានការងារធ្វើ៨៨,៣៤% កម្រិតបរិញ្ញាបត្រជាន់ខ្ពស់មានការងារធ្វើ៩៩,១៣% និងកម្រិតបណ្ឌិតមានការងារធ្វើ១០០%។
អតីតនិស្សិតនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាបាននឹងកំពុងបំពេញការងារក្នុងមុខតំណែងផ្សេងៗក្នុងស្ថាប័នរដ្ឋ និងឯកជនចាប់ពីអ្នកតំណាងរាស្រ្ត មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរហូតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចៅក្រម មេធាវី នាយក នាយករងក្រុមហ៊ុនឯកជនធនាគារ សាលារៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឬមធ្យមសិក្សាជាដើម។ ជាងនេះទៅទៀតសាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការនិងចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័ន ក្រុមហ៊ុន អង្គការជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យនិស្សិតចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ការបង្កើតមុខរបររបស់និស្សិតក្រោយបញ្ចប់ការសិក្សារបស់ខ្លួន ក្នុងបេសកកម្មអប់រំរយៈពេលជាង១៦ឆ្នាំកន្លងមកនេះសាកលវិទ្យាល័យ បានខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន គុណភាពរៀន និងកសាងមូលដ្ឋានកាន់តែរឹងមាំរបស់ខ្លួនជាច្រើនដូចជាទីតាំង អគារសិក្សានៅទីតាំងគោលរាជធានីភ្នំពេញ និងសាខាខេត្តជាដើម សមត្ថភាព បទពិសោធន៍សាស្រ្តាចារ្យកាន់តែខ្ពស់ ចំណែកឯសម្ភារឧទ្ទេសពិសោធន៍ត្រូវបានអភិវឌ្ឍន៍ឥតឈប់ឈរ សាកលវិទ្យាល័យបានប្តេជ្ញាថា ការបណ្តុះបណ្តាលនិស្សិតឲ្យក្លាយជាធនធានល្អមានចំណេះដឹង មានជំនាញច្បាស់លាស់ មានបុគ្គលិកលក្ខណសម្បត្តិល្អ មានការងារល្អ ជាទង្វើរស្នេហាជាតិ៕