(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចោទប្រកាន់បុរសម្នាក់ ដែលបានបើករថយន្តបំបុកមន្រ្តីនគរបាលម្នាក់ ពេលត្រួតពិនិត្យបទល្មើសចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ ពីបទ «ប៉ុនប៉ងឃាតកម្ម និងប្រឆាំងមន្រ្តីរាជការសាធារណៈ» រួចបានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរ ចាត់ការបន្តទៀត។ នេះបើតាមមន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

ជនត្រូវចោទ សា សារី អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ត្រូវបានការិយាល័យចរាចរបញ្ជូន ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ជននេះបានបើករថយន្តរបស់ខ្លួនម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ 2AL-1530 បុកជនរងគ្រោះ ខណៈកំពុងតែចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ មុខរោងចក្រញូកាញ់ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា នៅពេលក្រោយកើតហេតុនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលនៅតាមខណ្ឌ តាមចាប់វាយខ្នោះបុរសបង្កដែលបើករថយន្ត Lexus ដោយមានអការៈស្រវឹងខ្លាំងបំបុកសមត្ថកិច្ចនៅពេលដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅតាមផ្លួវជាតិលេខ៥ ក្នុងសង្កាត់-ខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅយប់នោះកម្លាំងរបស់យើងបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅមូលដ្ឋានខណ្ឌឬស្សីកែវ ពេលនោះស្រាប់តែ ជនបង្កបានបើករថយន្តមក ហើយកម្លាំងក៏ឲ្យចូលទៅក្នុងកន្លែងត្រួតពិនិត្យ រួចនគរបាលរបស់យើងម្នាក់ បានលើកដៃគោរពសួរនាំ និងចង់ត្រួតពិនិត្យជាតិស្រវឹង ស្រាប់តែជននោះ មិនបានស្តាប់ការណែនាំរបស់យើង ក៏ជាន់ហ្គែបំបុកកម្លាំងយើងបណ្តាលឲ្យដួលបែកក្បាលរងរបួសធ្ងន់។

នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា «បន្ទាប់ពីបង្កសកម្មភាពបទល្មើសនេះ ជនបង្កបានបើករថយន្តរត់ នៅពេលនោះ ខ្ញុំបានបញ្ជាឲ្យអធិការតាមខណ្ឌ​ ចេញកម្លាំងតាមស្ទាក់ចាប់ រហូតឃាត់ខ្លួនបានទាំងមនុស្ស និងរថយន្ត​។ ករណីនេះខ្ញុំគិតថា វាជាអំពើប៉ងឃាតកម្មរបស់ជនេះ»

ជនរងគ្រោះឈ្មោះ ហ៊ុល ចាន់រាសី អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានទីលំនៅផ្ទះលេខ៣៤F ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកម្លាំងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះ​។ នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ស្នងការបានអញ្ជើញចុះទៅសួរសុខទុក្ខផ្ទាល់ និងបានផ្តល់ថវិកាចំនួន២លានរៀលជូនជនរងគ្រោះផងដែរ។

សម្រាប់ស្ថានភាពជនរងគ្រោះវិញ ត្រូវបានលោកវេជ្ជបណ្ឌិត ប្រាប់មកនាយឧត្តមសេនីយ៍ស្នងការថា កំពុងស្ថិតក្រោមការសម្រាកព្យាបាល និងតាមដានបន្តទៀត ពីព្រោះជនរងគ្រោះ មានឈាមហូរនៅក្នុងស្រោមខួរក្បាល ដូច្នេះមិនទាន់ដឹងថា នឹងត្រូវធ្វើការវះកាត់ទៀត ឬយ៉ាងណានោះទេ ដោយរង់ចាំការតាមដានតាមរយៈការប្រើប្រាស់ថ្នាំជាបណ្តោះអាសន្នសិន។

អធិការរងនគរបាលខណ្ឌឬស្សីកែវ ក៏បានបញ្ជាក់ផងដែរថា ជននេះមានចេតនាពេញទំហឹងតែម្តង ដោយពេលបើកចូលកន្លែងប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍នោះ ក៏បើករុលទៅមុខរហូត ក៏បុកចំនគរបាលរងគ្រោះរបស់យើងបណ្តាលឲ្យដួលបោកក្បាលទៅក្រោយរងរបួសធ្ងន់តែម្តង។

លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា អ្នកបើករថយន្តរូបនេះមានអការៈស្រវឹងខ្លាំង ហើយក្រោយកើតហេតុ ត្រូវបាននាំខ្លួនមកកាន់ការិយាល័យដើម្បីសួរនាំ និងចាត់ការតាមច្បាប់៕