(បន្ទាយមានជ័យ)៖ គុណភាពភេសជ្ជៈចំណីអាហារខូចគុណភាព ត្រីសាច់ បន្លែបង្ការដែលមានផ្ទុកសារធាតុគីមីនៅតាមទីផ្សារ កំពុងបង្កជាក្តីបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋកម្ពុជា។ មន្ត្រីកាំកុងត្រូលដែលជាអ្នកមានភារកិច្ចក្នុងការត្រួតពិនិត្យទំនិញ ចំណីអាហារ ត្រីសាច់ បន្លែបង្ការ ត្រូវបានគេមើលឃើញថា កំពុងធ្វើសកម្មភាពសកម្មផងដែរ ដើម្បីធានាបានសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោក សាន វិជ្ជាសារ៉ាវុធ អតីតប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន ដែលទើបនឹងផ្លាស់មកកាន់ខេត្តបន្ទាយមានជ័យ ក៏បានធ្វើសកម្មភាពសស្រាក់សស្រាំ មិនខុសពីសកម្មភាពកាលពីនៅខេត្តប៉ៃលិននោះទេ ដើម្បីស្វែងរកទំនិញខូចគុណភាព និងចំណីអាហារ បន្លែបង្ការ ត្រីសាច់ ដែលមានផ្ទុកសារធាតុគីមីជាដើមនោះ។ លោកប្រធានសាខាកាំកុងត្រូល បានដឹកនាំមន្ត្រីរបស់លោកចុះជាបន្តបន្ទាប់តាមផ្ទះ លក់ដូររបស់ប្រជាពលរដ្ឋ ក៏ដូចជានៅតាមផ្សារ ដើម្បីស្វែងរកទំនិញខូចគុណភាព មានសារធាតុគីមី ព្រមទាំងពន្យល់ទាំងអ្នកលក់ និងប្រជាពលរដ្ឋឲ្យយល់ពីហានិភ័យ នៃការប្រើប្រាស់ផលិតផលខូចគុណភាព និងមានសារធាតុគីមីនោះ។
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកប្រធានកាំកុងសាខាខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ចុះត្រួតពិនិត្យចំណីអាហារ ភេសជ្ជៈនានា ដែលដាក់តាំងលក់នៅតាមផ្ទះប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ហើយក៏បានបន្តចូលក្នុងផ្សាររ៉ាថ្មី នៅក្នុងក្រុងប៉ោយប៉ែត ពិនិត្យមើលបន្លែបង្ការ ត្រីសាច់នានា ដែលដាក់លក់ក្នុងផ្សារ។
ក្នុងពេលចុះត្រួតពិនិត្យទំនិញ ចំណីអាហារ ភេសជ្ជៈ បន្លែបង្ការ និងត្រីសាច់នេះ ក្រៅពីការស្វែងរកទំនិញខូចគុណភាព ហួសសុពលភាពប្រើប្រាស់ ឬអាហារមានផ្ទុកសារធាតុគីមីហើយនោះ លោក វិជ្ជាសារ៉ាវុធ ក៏បានឆ្លៀតពន្យល់ណែនាំអាជីវករលក់ដូរទាំងអស់ ឲ្យយល់ពីហានិភ័យជុំវិញការប្រើប្រាស់អាហារខូចគុណភាព ហួសសុពលភាព ឬមានផ្ទុកសារធាតុគីមី ហើយក៏បានពន្យល់ពីទោសទណ្ឌមួយចំនួន ដែលអ្នកលក់បំពានក្នុងការលក់ដូរទំនិញទាំងអស់នោះផងដែរ។
ទាំងប្រជាពលរដ្ឋ និងអាជីវករ បានសម្តែងការសាទរជាខ្លាំងចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលបានចុះធ្វើសកម្មភាពបែបនេះ។ បងប្អូនអាជីវករ បានលើកឡើងថា ពេលខ្លះពួកគាត់ក៏មិនបានដឹងថា អាហាណាខូចគុណភាព ឬមានសារធាតុគីមីនោះឡើយ។ ដូច្នេះនៅពេលមន្ត្រីកាំក្រុងត្រូលចុះទៅត្រួតពិនិត្យបែបនេះ ក៏បានពន្យល់ណែនាំគាត់ឲ្យបានយល់ដឹងលើបញ្ហាទាំងនេះ។
លោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ Fresh News ថា ដោយគោរពតាមគោលការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្នុងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងចៀសផុតពីទុក្ខទោសទាំងឡាយ ដែលបង្កដោយចំណីអាហារ រូបលោក និងមន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ នឹងធ្វើសកម្មភាពពិនិត្យរាល់ទំនិញនាំចូលមកតាមព្រំដែន ហើយក៏នឹងចុះត្រួតពិនិត្យនៅតាមកន្លែងលក់ដូរ និងតាមផ្សារនានាគ្មានថ្ងៃរាថយនោះឡើយ។
ប្រធានកាំកុងត្រូល ដែលត្រូវបានគេវាយតម្លៃថា ជាមន្ត្រីមានស្មារតីយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា សកម្មភាពនៃការទប់ស្កាត់ទំនិញខូចគុណភាព និងចំណីអាហារមានផ្ទុកសារធាតុគីមីនេះ គឺជាការរួមចំណែកដ៏ធំ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក៏រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋផងដែរ៕