(សៀមរាប)៖ អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យទូទាំងប្រទេស បន្តពង្រឹងការងារមន្ទីរពិសោធន៌នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ជាកត្តាជំរុញឲ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធិភាព។
ការថ្លែងបែបនេះ បានធ្វើឡើងនៅ ក្នុងសិក្ខាសាលាសាលាស្តីពី ការវាយតម្លៃមន្ទីរពិសោធន៍កម្ពុជា ដោយប្រើបញ្ជីផ្ទៀងផ្ទាត់សម្រាប់ទទួលស្គាល់គុណភាព CamLQMS (ប្រព័ន្ធគ្រប់គ្រងគុណភាពនៃមន្ទីរពិសោធន៍កម្ពុជា) និងវិថីឆ្ពោះទៅរកការទទួលស្គាល់គុណភាព នៅថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅខេត្ដសៀមរាប ។
លោកស្រី បានណែនាំឲ្យមន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសុខាភិបាល ពិសេសផ្នែកមន្ទីរពិសោធន៍នេះឲ្យបានល្អខ្ជាប់ខ្ជួន។ មន្ទីរពិសោធន៌ត្រូវផ្សារភ្ជាប់ជាមួយការងារពិនិត្យជំងឺ និងធ្វើរោគវិនិឆ្ឆ័យរបស់លោកគ្រូ អ្នកគ្រូពេទ្យ ដែលជាកត្តាមិនអាចខ្វះបានឡើយ។
មន្ទីរពិសោធន៌មានគុណភាពល្អ នឹងជួយជំរុញឲ្យការវិនិឆ្ឆ័យរោគកាន់តែបានសុក្រិតល្អ ហើយផ្តល់ការព្យាបាល បានចំគោលដៅជំងឺឆាប់ជាសះស្បើយ។
លោកស្រីវេជ្ជបណ្ឌិត ក៏បានជំរុញឲ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មន្ទីរពេទ្យជាចាំបាច់ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែក ចេញពីមន្ទីរពេទ្យឲ្យសោះ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែ មានមន្ទីរពិសោធន៍ល្អ ប្រកបដោយគុណភាព ដើម្បីជួយដល់ការងារព្យាបាល ក្នុងមន្ទីរពេទ្យបានល្អប្រសើរ។ម្យ៉ាងទៀត មន្ទីរពិសោធន៍ ក៏ជាកន្លែងផ្តល់លទ្ធផល សម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។
លើសពីនោះ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានសង្កត់ធ្ងន់បន្ថែមថា សូមឲ្យខិតខំជំរុញមន្ទីរពិសោធន៍ទាំងអស់ ឆ្ពោះទៅរកគុណភាពតាម ISO15189 និងបំពេញតាមគោលការណ៌ IHR 2005 ជាចាំបាច់។ លទ្ធផលមន្ទីរពិសោធន៌ត្រឹមត្រូវតាមបច្ចេកទេស ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ ហើយអាចជួយក្នុងការដាក់ចេញនូវវិធានការការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឲ្យមានការវិភាគជំងឺខុស ឫព្យាបាលមិនពូកែ ដោយសារតែលទ្ធផលមន្ទីរពិសោធន៍ ផ្តល់ចញមកមិនត្រឹមត្រូវឲ្យសោះ។
ព្រមជាមួយគ្នានេះ លោកស្រី ក៏បានលើកសរសើរ ដល់ការខិតខំនានា ក្នុងពេលកន្លងមករបស់បុគ្គលិកសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យមានការទប់ស្កាត់ បាននូវការចម្លងជំងឺដូចជា MERS, SARS, Ebola, និងZika ជាដើម ហើយថ្មីៗនេះ មានការទប់ស្កាត់បានល្អប្រសើរ នូវការចម្លងរោគពីបក្សី មកមនុស្សសំរាប់ជំងឺផ្តាសាយបក្សី H5N1 ផងដែរ ៕