(ភ្នំពេញ)៖ តំណាងសិស្សនៃវិទ្យាល័យ ជា ស៊ីម ឈូក វ៉ា ដែលមានទីតាំងនៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញចំនួន៩៦នាក់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ទទួលបានការចែករំលែកចំណេះដឹង ពីវគ្គអប់រំផ្សព្វផ្សាយ «អំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការ ការពារអ្នកប្រើប្រាស់» ពីមន្ត្រីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ។
វគ្គផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនេះ បានលើកឡើងនូវប្រធាន បទសំខាន់ៗ ចំនួន៣រូមមាន៖
ទី១៖ ចំណេះដឹងទូទៅអំពីខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ម្ហូបអាហារពីកសិដ្ឋានដល់តុបរិភោគ
ទី២៖ ហានិភ័យនៃម្ហូបអាហារ និងផលប៉ះពាល់ នៃសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ
ទី៣៖ សារសំខាន់នៃសារធាតុអ៊ីយ៉ូត ដែលរកបានងាយក្នុងអំបិលអ៊ីយ៉ូត។
លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលមកពីអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ក្នុងពិភពលោកយើងនេះ មនុស្សជាង២៣ម៉ឺននាក់ ក្នុងនោះជិត១០ម៉ឺននាក់ ជាកុមារបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺជាង២០០មុខ ដែលបង្កដោយម្ហូបអាហារ គ្មានសុវត្ថិភាព។ ជាមួយគ្នានេះដែរ មនុស្សជាង៥៥០លាននាក់ (ប្រហាក់ប្រហែល នឹងពាក់កណ្តាលនៃប្រជាជនចិន) ប្រឈមនឹងជម្ងឺ ដោយមូលហេតុដូចគ្នានេះ។ សុវត្ថិភាពម្ហូបអាហារ ជាអទិភាពមួយក្នុងចំណោមអទិភាពទាំង១២ ក្នុងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហានិភ័យម្ហូបអាហារ អាចនឹង ធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដល់ថវិកាជាតិ ធនធានមនុស្ស សេដ្ឋកិច្ចគ្រួសារ វិស័យអប់រំ សុខមាលភាពសង្គម និងសុខដុមភាពក្នុងគ្រួសារផងដែរ។
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះ។ អគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ពង្រាយ មន្ត្រីជំនាញ តាមមាត់ច្រកសំខាន់ៗ ប្រើប្រាស់មន្ទីរពិសោធន៍ចល័ត និងមន្ទីរពិសោធន៍ខ្នាតតូច ដើម្បីទប់ទល់ការហូរចូល ការផលិត ការចែកចាយ ម្ហូបអាហារដែលគ្មានសុវត្ថិភាព ក្នុងទូទាំងប្រទេស។ វិធានការអប់រំ និងការចុះត្រួតពិនិត្យជាប្រចាំតាមទីផ្សារ ក៏ត្រូវបានអនុវត្តយ៉ាងមមារញឹកផងដែរ។
លោក ម៉ក់ ពេជ្ជរឺទ្ធ តែងតែអំពាវនាវឲ្យមានការចូលពីអ្នកធ្វើធុរកិច្ច ម្ហូបអាហារ ទាំងឡាយឲ្យរួមសហការជាមួយសមត្ថកិច្ចជំនាញ ទទួលខុសត្រូវលើសុខភាពសារធារណៈ និងដំកល់ផលប្រយោជន៍ ជាតិជាធំ កុំគិតតែពីផលចំណេញ ពីព្រោះថា អ្នកធ្វើធុរកិច្ចម្ហូបអាហារទាំងនោះ ក៏ជាអ្នកប្រើប្រាស់ ហើយគ្រួសារ និងសង្គមជាតិអ្នកទាំងអស់នោះ ក៏នឹងទទួលរងគ្រោះដូចគ្នា ពីការចែកចាយម្ហូបអាហារ ដែលមានសុវត្ថិភាពទាំងនេះ៕