(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានស្តីបន្ទោសផ្ទាល់មាត់ ដល់ចៅក្រមចំនួន១២រូប និងព្រះរាជអាជ្ញាចំនួន៥រូប។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃសម័យប្រជុំលើកទី២៩ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «អង្គប្រជុំបានពិនិត្យ និងបោះឆ្នោតសម្រេចយល់ព្រម លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទាក់ទងនឹងវិន័យការងាររបស់ចៅក្រមចំនួន១២រូប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន៥រូប»។
ទាក់ទងនឹងបញ្ហានេះ លោក សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការបន្ទោសនេះមិនមែនជារឿងធំដុំទេ ដែលជាចំណាត់ការការងារ និងលើការងារដ្ឋបាលតែប៉ុណ្ណោះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាកិច្ចការផ្នែកនីតិវិធីតិចតួចទេ មិនមានអីធ្ងន់ធ្ងរធំដុំទេ គ្រាន់តែជាចំណាត់ការការងាររបស់គាត់តែប៉ុណ្ណឹង។ ខ្ញុំជម្រាបអញ្ចឹងគ្រាន់ថា នេះទាក់ទងនឹងចំណាត់ការផ្នែកពាក់ព័ន្ធនឹងនីតិវិធីការងាររបស់គាត់ មិនមែនអីពាក់ព័ន្ធអីនោះទេ កិច្ចការរបស់គាត់ ជួនកាលគាត់ភ្លេចអ៊ីចឹងទៅ ជួនកាលគាត់ច្រឡំអ៊ីចឹងទៅ។ វាតួចតាច វាគ្រាន់ជារឿងតូចតាចទេ»។
សូមជម្រាបថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងនោះមានរបៀបវារៈចំនួន១០៕