(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃចន្ទនេះ បានសម្រេចផ្ទេរភារកិច្ច ប្រធានសាលាដំបូងខេត្តចំនួន២រូប គឺប្រធានតុលាការខេត្តព្រះសីហនុ ត្រូវផ្ទេរទៅកាន់តំណែងជាប្រធានតុលាការខេត្តព្រៃវែង, ចំណែកប្រធានតុលាការខេត្តព្រៃវែង ត្រូវផ្ទេរទៅកាន់តំណែងជា ប្រធានតុលាការខេត្តព្រះសីហនុវិញ។ នេះបើយោងតាម សេចក្តីប្រកាសលទ្ធផលរបស់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចយល់ព្រមផ្ទេរភារកិច្ច លោក ម៉ុង មុន្នីចរិយា ពីប្រធានសាលាដំបូងខេត្តព្រះសីហនុ ឲ្យទៅធ្វើជា ប្រធានសាលាដំបូងខេត្តព្រៃវែង និងផ្ទេរលោក សុខ កល្យាណ ពីប្រធានសាលាដំបូងខេត្តព្រៃវែង ទៅធ្វើជាប្រធានសាលាដំបូងខេត្តព្រះសីហនុវិញ។
ក្រៅពីផ្ទេរភារកិច្ចរបស់ប្រធានតុលាការខេត្តចំនួន២រូបខាងលើ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានសម្រេចយល់ព្រម ស្នើតែងតាំង អនុប្រធានសាលាដំបូងរាជធានី-ខេត្តចំនួន៣រូប និងផ្ទេរភារកិច្ចចៅក្រមសាលាដំបូងចំនួន១រូប ផងដែរ។
លោក សំ ប្រជាមានិត បានបន្តថា ក្នុងចំណោមអនុប្រធានតុលាការថ្មីទាំង៣រូប មានការតែងតាំងចៅក្រម១រូប ជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងចៅក្រម១រូបទៀត ត្រូវតែងតាំងជាអនុប្រធានតុលាការខេត្តកណ្តាល និងតែងតាំងអនុប្រធានសាលាដំបូងរាជធានី១រូបទៀត ដែលបានប្តូរចេញពីក្របខណ្ឌក្រសួងយុត្តិធម៌។
សូមជម្រាបថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងនោះមានរបៀបវារៈចំនួន១០៕