(ភ្នំពេញ)៖ ថ្លែងប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ មិនបានព្យួរការផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នោះទេ។ ហើយក៏ពុំមានលិខិតផ្លូវការណាមួយពីរដ្ឋាភិបាលអាល្លឺម៉ង់ ជុំវិញការព្យួរទិដ្ឋាការ។
ការថ្លែងប្រកាសតាមបណ្តាញព័ត៌មាន Fresh News បែបនេះពីសំណាក់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយអត្ថបទមួយនៅថ្ងៃនេះថា អាល្លឺម៉ង់ ព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះចំពោះសមាជិករដ្ឋាភិបាលកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា៖ «ពុំមានលិខិតផ្លូវការណាមួយពីរដ្ឋាភិបាលអាល្លឺម៉ង់ ជុំវិញការព្យួរទិដ្ឋាការ ចាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ មន្ត្រីយោធាជាន់ខ្ពស់ និងប្រធានតុលាការកំពូលរបស់កម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍នោះទេ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងអាល្លឺម៉ង់ ដូចជាពុំមានភាពចម្រូងចម្រាស់អ្វីនោះទេ ក្នុងរយៈពេលចុងក្រោយនេះ។ ហើយក៏ពុំមានការព្រមាន ឬការដាក់សម្ពាធណាមួយ ធ្វើឡើងតាមស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា មកដល់ក្រសួងការបរទេស ឬរដ្ឋាភិបាលកម្ពុជានោះឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មកដល់ពេលនេះមានតែក្រសួងការបរទេសសហរដ្ឋអាមេរិកមួយគត់ ដែលបានចេញប្រកាសជាផ្លូវការផ្អាកការផ្តល់ទិដ្ឋាការ ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះកាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយអត្ថបទមួយថា រដ្ឋាភិបាលអាល្លឺម៉ង់ព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះចំពោះសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅជម្រុញឲ្យកែលម្អបរិយាកាសនយោបាយ៕