(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបានថ្លែងឲ្យដឹងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កម្លាំងអាវុធហត្ថបានបញ្ជូនជនសង្ស័យចំនួន៦នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន៥ថងតូច និងសំភារៈមួយចំនួនធំ ដែលជនសង្ស័យទាំងអស់នេះ បានធ្វើចរាចរណ៍គ្រឿងញៀនយ៉ាងសកម្ម នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះដែរ បានប្រព្រឹត្តឡើងកាលល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចទំនប់ទឹកអូរខៃដន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីបទល្មើសជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ដោយទទួលបានព័ត៌មាន ពីករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ខាងលើ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ រួមមាន៖ទី១-ឈ្មោះ លី បញ្ញា (ហៅ រ័ត្ន) ទី២-ឈ្មោះ លឹង ផល្លា (ហៅ ចិន) ទី៣-ឈ្មោះ ហួត សេងហាវ ទី៤-ឈ្មោះ លី ពៅ ទី៥-ឈ្មោះ ម៉ន ថន (ហៅ ឌី) និងទី៦-ឈ្មោះ វ៉ាត រ៉ាវី រួមជាមួយវត្ថុតាង៖ គ្រឿងញៀនមេតំហ្វេតាមីន ICE ចំនួន ៥កូនថង់ ស្មើ១.៤៤ក្រាម ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7734 ទូរស័ព្ទដៃ ៣គ្រឿង ម៉ាកអូប៉ូ ១គ្រឿង និងម៉ាកណូគា ២គ្រឿង ប្រាក់ខ្មែរចំនួន ២៩,០០០រៀល ប្រាក់ដុល្លា ៥ដុល្លា ប្រាក់បាតថៃ ១,០០០បាត អាយផេតមីនី ១គ្រឿង ដែកកេះកែឆ្នៃចំនួន ០៤ បំពង់បឺត និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ក្រោយពីការសាកសួររបស់កម្លាំងជំនាញ ការធ្វើតេស្តទឹកនោម និងតេស្តសារធាតុញៀនបានបញ្ជាក់ឲ្យឃើញថា ជនសង្ស័យទាំង៦នាក់ខាងលើ ពិតជាបានជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ពិតប្រាកដមែន ហើយកម្លាំងអាវុធហត្ថបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕