(ភ្នំពេញ)៖ ក្នុងឱកាសអបអរទិវាជាតិ មាតា ទារក និងកុមារ នៅឆ្នាំ២០១៨នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ដ្រីរាជការ បុគ្គលិកសុខាភិបាល ចូលរួមផ្ដល់សេវាទាំអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ កាត់បន្ថយការស្លាប់របស់មាតា ការស្លាប់ទារកក្នុងផ្ទៃ ការស្លាប់ទារកទើបនឹងកើត និងការស្លាប់របស់កុមារ អាយុក្រោម៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។ នេះបើតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សែនហ៊ុន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ ទិវាជាតិសុខភាពមាតា ទារក និងកុមារ។
តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទាំងជាតិ អន្ដរជាតិ សូមជួយ និងបន្ដជួយ វិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។
ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារក និងកុមារនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនផងដែរ៖
១. សូមឲ្យស្ដ្រីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិះផ្ទះ តាមកាលកំណត់
និងទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ឲ្យបានទៀងទាត់តាមការណែនាំ របស់គ្រូពេទ្យជំនាញ ។
២. សូមទៅសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។
៣. សូមអញ្ជើញទៅពិនិត្យសុខភាព ក្រោយពេលសម្រាល ទាំងមាតា និងទារក និងទទួលថ្នាំបង្ការចំនួន១១មុខ តាមការណែនាំ និងការកំណត់របស់គ្រូពេទ្យ ។
៤. សូមបំបៅទារកដោយទឹកដោះម្ដាយ តែមួយមុខគត់ ចាប់ពីពេលទារកប្រសូត្រភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)
រួមជាមួយនឹងការបំបៅទឹកដោះម្ដាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥. សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូច
ដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល នៅមន្ទីរពេទ្យ៕
ព័ត៌មានលម្អិត សូមអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងស្រុងដូចខាងក្រោម៖