(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យក្រុមហ៊ុនជប៉ុន ជំនាញថែទាំ មនុស្សចាស់ សហការ ក្នុងការត្រួតពិនិត្យ ការសាងសង មជ្ឈមណ្ឌលថែទាំមនុស្សចាស់ នៅភូមិធ្លក សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញច្បាស់លាស់ ឲ្យក្លាយជាមណ្ឌលស្តង់ដារមុនដំបូងបង្អស់នៅកម្ពុជា។
ការបង្ហាញឆន្ទៈ របស់រដ្ឋមន្ត្រី វង សូត នាពេលនេះ បានធ្វើឡើងខណៈ លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានអនុញ្ញាតឲ្យលោក Kondo Yoshio ប្រធានក្រុមហ៊ុនប្រូខេអេស៊ាខូអិលធីឌី និងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ គម្រោងបង្កើត វិទ្យាស្ថានជំនាញថែទាំ មនុស្សចាស់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួង។
រដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា ក្រុមហ៊ុនប្រូខេអេស៊ាខូអិលធីឌី ជាក្រុមហ៊ុន ដែលមានជំនាញច្បាស់លាស់ ក្នុងការបង្កើតមជ្ឈមណ្ឌល និងមានជំនាញត្រឹមត្រូវ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជឿជាក់ថា ក្រុមហ៊ុនជប៉ុនមួយនេះ នឹងចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយ ក្រសួងសង្គមកិច្ច ក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលមើលថែទាំមនុស្សចាស់ ដែលមានលក្ខណៈស្តង់ដារមួយ ទាំងអាគារ និងប្រព័ន្ធ ការងារខាងក្នុង រួមមានធនធានមនុស្ស និងរចនាសម័ន្ធនានា។ កន្លងមក ក្រុមហ៊ុនជប៉ុនមួយនេះ ក៏បានចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការបំពេញការងារបម្រើដល់មនុស្សចាស់នៅកម្ពុជា អស់រយៈពេលជាង១៣ឆ្នាំមកហើយ។
ជាការឆ្លើយតប លោក Kondo Yoshio ប្រធានក្រុមហ៊ុនប្រូខេអេស៊ាខូអិលធីឌី បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការសហការជាមួយ ក្រសួងសង្គមកិច្ច បំពេញការងារ ជួយដល់ការផ្តល់ សេវាថែទាំមនុស្សចាស់ នៅកម្ពុជា ឲ្យបានល្អបំផុត ជាពិសេសលើការជួយពិនិត្យ និងបណ្តុះបណ្តាលថែទាំ មនុស្សចាស់ ឲ្យក្លាយជាមណ្ឌលស្តង់ដារ មុនដំបូងបង្អស់នៅកម្ពុជា។
លោក Kondo Yoshio បង្ហាញជំហរថា នឹងបង្កើតមណ្ឌលបង្រៀន ដល់ធនធានមនុស្សនៅកម្ពុជា ឲ្យមានជំនាញថែទាំមនុស្សចាស់ឲ្យ បានច្បាស់លាស់ ដើម្បីយកជំនាញនេះ មកបម្រើដល់មណ្ឌលថែទាំ មនុស្សចាស់នៅកម្ពុជា ឲ្យមានសុខភាពល្អ និង មានអាយុយឺនយូរ ដូចមនុស្សចាស់នៅប្រទេសជប៉ុនផងដែរ។
សន្យាថា នឹងខិតខំរកដៃគូ និងអង្គការផ្សេងៗ ដែលមានគោលដៅស្របនឹងការផ្តល់សេវា ដល់មនុស្សចាស់ ឲ្យមានការបណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់សេវាដល់មនុស្សចាស់។
បន្ថែមពីលើនេះ លោក វង សូត បានឲ្យដឹងថា ការបង្កើតឲ្យមាន មណ្ឌលថែទាំមនុស្សចាស់ នៅកម្ពុជា នាពេលនេះ បានធ្វើឡើងដើម្បី ឆ្លើងតប នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺក្រសួងសង្គមកិច្ចនឹង បង្កើតឲ្យមានមណ្ឌលថែទាំមនុស្សចាស់ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗទៀត នៅទូទាំងប្រទេស ដើម្បីបម្រើ ទៅដល់ប្រជាពលរដ្ឋ ជាពិសេស គឺមនុស្សចាស់ជរា ទោះបីជាមិនមែន គ្រប់កន្លែង ដូចនៅប្រទេសជប៉ុន ប៉ុន្តែយ៉ាងហោចណាស់ កម្ពុជា ក៏អាចមានមណ្ឌលថែទាំមនុស្សចាស់ នៅតាមរាជធានី-ខេត្ត និងកន្លែង ចាំបាច់មួយចំនួនទៀត។
គួរបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺជាផែនទីមគ្គុទ្ទេសក៏រយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពមនុស្សចាស់ នៅក្នុងប្រទេស ដែលរំលេចឲ្យឃើញពីតថភាព នៃការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ព្រមទាំងដាក់ចេញនូវ គោលដៅយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ២០១៨-២០២០ សំដៅអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព ស្របតាមស្ថានភាពនៃការវិវត្តន៍របស់កម្ពុជា។
គោលនយោបាយបានបង្ហាញដែរថា កត្ដាប្រជាសាស្ដ្រ នៃការឈានទៅរកវ័យចាស់នៅកម្ពុជា គឺជាមូលដ្ឋានសម្រាប់គិតគូរ និងបញ្ចូល បញ្ហាមនុស្សចាស់ទៅក្នុងបរិការណ៍នៃដំណើរការអភិវឌ្ឍន៍ និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យមនុស្សចាស់ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពហុវិស័យ។
គោលនយោបាយនេះ មានអាទិភាពការងារចំនួន ០៩រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានអំណោយផល, សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម, ទំនាក់ទំនងអន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន និង ការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។
កន្លងមក លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញជំហរម៉ឹងម៉ាត់ថា ទាំងរាជរដ្ឋាភិបាល និងក្រសួង នឹងរួមគ្នាខិតខំធ្វើយ៉ាងណា បង្កើតមណ្ឌលថែទាំមនុស្សចាស់ឲ្យបានច្រើននៅកម្ពុជា ដើម្បីបំពេញបន្ថែមលើកំណើន មនុស្ស ចាស់ និងថែទាំមនុស្សចាស់គ្មានលទ្ធភាព អាចរស់នៅបាន ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យក្រុមមនុស្សទាំងនោះ អាចរស់នៅដោយមានអាយុវែង និងមានសុខភាពល្អប្រសើរ។
ក្នុងរបាយការណ៍នាយកដ្ឋានសុខភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើងនៅក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ស្មើនឹង ១,២ លាននាក់ នៃប្រជាជនសរុប ១៥លាននាក់ ហើយត្រូវបានព្យាករណ៍ នឹងមានកំណើនរហូតដល់ ១១% ស្មើនឹង ២លាននាក់) នៃប្រជាជនសរុបប្រមាណ ១៨លាននាក់ នៅឆ្នាំ២០៣០៕