(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៦-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង១១ម៉ឺននាក់ បានចូលមកលេងកំសាន្ត នៅតាមរម្មណីយដ្ឋាននានា ក្នុងខេត្តព្រះវិហារ ពោលគឺមានការកើនឡើង បើប្រៀបធៀបនិងឆ្នាំកន្លងទៅ ក្នុងរយៈពេលដូចគ្នា។
បើតាមការឲ្យដឹងពីលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ បានចូលមកកំសាន្តតាមរម្មណីយដ្ឋាន មានចំនួន១១,៤៥១នាក់។
លោក គង់ វិបុល បញ្ជាក់ថា ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ១០,០៧៣នាក់ ភ្ញៀវអន្តរជាតិមានចំនួន១៣,១៨នាក់ បើប្រៀបធៀបនិងឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិ កើនឡើងចំនួន១៣,២៩% ភ្ញៀវអន្តរជាតិ កើនឡើងចំនួន៧៩,៣២%។
លោកប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងទៀតថា ភ្ញៀវទេសចរដែលមកកំសាន្ត នៅខេត្តព្រះវិហារ គឺពួកគេបានដើរកំសាន្តនៅប្រាសាទព្រះវិហារ, ប្រាសាទកោះកែរ, ប្រាសាទព្រះខ័ន្ត ទឹកធ្លាក់ព្រះនិមិត្ត និងទីកន្លែងផ្សេងៗទៀត៕