(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង៨៦៤,៧៧០នាក់ កើនឡើងប្រមាណ៥៤.៥៦%។
ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជិត១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ក្នុងនោះខេត្តគោលដៅសំខាន់ៗរួមមាន៖
១៖ សៀមរាប ប្រមាណ ៩០,៨២០នាក់ កើនឡើងប្រមាណ ១៣.៩៣%
២៖ ព្រះសីហនុ ប្រមាណ ៨៨,០០០នាក់ កើនឡើងប្រមាណ ៦.៥០%
៣៖ កំពត ប្រមាណ ១២៦,៨៩០នាក់ កើនឡើងប្រមាណ ៥១.៦៤% (ក្នុងនោះទៅកំសាន្តនៅរមណីយដ្ឋានបូកគោ មានចំនួនប្រមាណ៦៩,៧០០នាក់)
៤៖ កែប ប្រមាណ ១០៥,០០០នាក់ កើនឡើងប្រមាណ ៦.០៣%
៥៖ បាត់ដំបង ប្រមាណ ៧៩,០៧០នាក់ កើនឡើងប្រមាណ ៩៤.៣៥%
៦៖ រាជធានីភ្នំពេញ ប្រមាណ ៥២,៨៤០នាក់ កើនឡើងប្រមាណ ៨.៤៧%
៧៖ កោះកុង ប្រមាណ ៥៤,៨៥០នាក់ កើនឡើងប្រមាណ ១៦៤%
៨៖ ក្រចេះ ប្រមាណ ២៧,២៨០នាក់ កើនឡើងប្រមាណ ៧.៩១%
៩៖ រតនគិរី ប្រមាណ ១៩,៧៩០នាក់ កើនឡើងប្រមាណ ៥.៧០%
១០៖ មណ្ឌលគិរី ប្រមាណ ១៧,៣៧០នាក់ កើនឡើងប្រមាណ ១៨.០៣%
១១៖ ស្ទឹងត្រែង ប្រមាណ ១៥,២៥០នាក់ កើនឡើងប្រមាណ ៩.៤២%
១២៖ កំពង់ស្ពឺ ប្រមាណ ៥៥,១៧៦នាក់ កើនឡើងប្រមាណ ៤.២០%
១៣៖ ឧត្តរមានជ័យ ប្រមាណ ១,០៥០នាក់ កើនឡើងប្រមាណ ៥.០០%
១៤៖ កំពង់ធំ ប្រមាណ ១៤,៤១០នាក់ កើនឡើងប្រមាណ ២៥៨.៨០%
១៥៖ បន្ទាយមានជ័យ ប្រមាណ ២៤,១០៥នាក់ កើនឡើងប្រមាណ ៩៤.១១%
១៦៖ ស្វាយរៀង ប្រមាណ ១,៧៩៩នាក់ កើនឡើងប្រមាណ ៥៥៤.១៨%
១៧៖ ព្រៃវែង ប្រមាណ ៤,០៧០នាក់ កើនឡើងប្រមាណ ៦.៥០%
១៨៖ កំពង់ចាម ប្រមាណ ១៩,១៦៨នាក់ កើនឡើងប្រមាណ ៦.៥០ %
១៩៖ បៃលិន ប្រមាណ ១០,៣៤៨នាក់ កើនឡើងប្រមាណ ១១.៤៥%
២០៖ តាកែវ ប្រមាណ ១០,៤៥០នាក់ កើនឡើងប្រមាណ ៨.០៣%
២១៖ ត្បូងឃ្មុំ ប្រមាណ ១,៨៩៧នាក់ កើនឡើង ប្រមាណ ៣៩,១០%
២២៖ ព្រះវិហារ ប្រមាណ ១១,៣៩១នាក់ កើនឡើងប្រមាណ ១៨.៣៣%
២៣៖ កណ្តាល ប្រមាណ ៥៩,២៩៨នាក់ កើនឡើងប្រមាណ ១៣.៧៣%
២៤៖ ពោធិ៍សាត់ ប្រមាណ ១៦,៦១៥នាក់ កើនឡើងប្រមាណ ៣,២%
២៥៖ កំពង់ឆ្នាំង ប្រមាណ ៤៧៤៤នាក់ កើនឡើងប្រមាណ ៦៥៤%
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ សង្កេតឃើញថា ភ្ញៀវទេសចរមានការកើនឡើងខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ដោយសារគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ជំរុញឱ្យមានការធ្វើដំណើរកម្សាន្ត។
ម្យ៉ាងវិញដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច ជំរុញដល់ការងារអភិវឌ្ឍ វិស័យទេសចរណ៍ក្នុងខេត្ត បានកាន់តែល្អប្រសើរឡើងជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់រមណីយដ្ឋាននានា មានភាពល្អប្រសើរ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ហើយតម្លៃម្ហូបអាហារ នៅតាមរមណីយដ្ឋាននានា ពុំមានការឡើងថ្លៃគួរឲ្យកត់សំគាល់ឡើយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលទើបតែកន្លងផុតទៅនេះ នៅខេត្តជាប់ព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាម ចូលមកលេងកម្សាន្តច្រើន ខណៈខេត្តជាប់ព្រំដែនថៃ រួមមានបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ភ្ញៀវជនជាតិថៃ ក៏មានចូលមកកម្សាន្តច្រើនផងដែរ។ ដែលនេះបង្ហាញថា ប្រទេសជិតខាងក៏ពេញចិត្តមកលេងកំសាន្តលើទឹកដីកម្ពុជា ដែលកាលពីមុនភាគច្រើនពលរដ្ឋខ្មែរ ទៅលេងប្រទេសជិតខាង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយសុខសន្តិភាពពេញផ្ទៃប្រទេស ដែលពួកគាត់មិនបានគិតអ្វីក្រៅ តែពីខិតខំប្រកបរបររកទទួលទាន ធ្វើឲ្យជីវភាពកាន់តែធូរធា និងដើរលេកម្សាន្តសប្បាយនោះទេ។ ដោយសារតែជីវភាពកាន់តែធូរធានេះហើយទើប មានប្រជាពលរដ្ឋកម្ពុជា មួយចំនួនមិនត្រឹមតែដើរកម្សាន្ត នៅក្នុងប្រទេសរបស់ខ្លួនទេ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ពួគគាត់ថែមទៅកម្សាន្តក្រៅប្រទេសរួមមានប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀត៕