(ព្រះសីហនុ)៖ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្ត ជិត៩ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៧ កើនឡើងជាង៦ភាគរយ។
នេះបើយោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់នោះ មានភ្ញៀវជាតិប្រមាណ ៧៩,០៥០នាក់ កើនឡើង៦,១% ភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ៨,៩៥០ កើន៥,២៩%, ភ្ញៀវទៅកំសាន្តតាមកោះ និងរមណីដ្ឋាននានាមាន ចំនួន៩,០០៦នាក់ កើន៧,៧៦% ភ្ញៀវជាតិមានចំនួន ៤.៣០៥នាក់ កើនឡើង៥.២៥% និងភ្ញៀវអន្តរជាតិ៤.៧០១នាក់ កើនឡើង២.៩៣%។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក បញ្ជាក់បន្ថែមថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរៀបចំគ្រប់គ្រង ការពារ និងរិតបន្តឹងយ៉ាងច្បាស់លាស់ តាមផែនការ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងនគរបាលគ្រប់មុខជំនាញបានចេញប្រតិបត្តិការ តាមមុខព្រួញ និងភូមិសាស្ត្រ ដែលថ្នាក់លើបានប្រគល់ឲ្យ។
បើតាមលោកស្នងការរងរូបនេះ ទោះបីសមត្ថកិច្ចខិតខំប្រឹងប្រែង តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមនានាកើតឡើងផងដែរ ពិសេសកំណើនភ្ញៀវទេសចរ និងយានយន្តឆ្នាំនេះ មានការកើនឡើងយ៉ាងគំហុក ជាហេតុបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ខ្លះដែរ៕