(ភ្នំពេញ)៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងយុទ្ធនារីទៅទស្សនកិច្ច សិក្សាស្វែងយល់ពីដំណើរការសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។
សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ វិមាននេះស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់លោក លី យ៉ុងផាត់ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ការសាងសង់វិមាននេះ គឺដើម្បីរម្លឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍ កន្លងមក ហើយវិមាននេះ នឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
សំណង់វិមានឈ្នះឈ្នះ ដែលបានសាងសង់អស់រយៈពេលជិតពីរឆ្នាំមកហើយនោះ នៅពេលនេះបានត្រៀមដាក់តាំង សិលាចារឹកនៅលើតួ វិមានឈ្នះឈ្នះដែលក្រុម ការងារសាងសង់វិមានឈ្នះឈ្នះបានឆ្លាក់រួចរាល់ហើយនោះ។
ខ្លឹមសារនៃសិលាចារឹកនេះ បានបង្ហាញពីជោគជ័យ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យរលំរលាយទាំងស្រុង នូវអង្គការចាត់តាំងនយោបាយ និង យោធារបស់ពួកខ្មែរក្រហម និងធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញ នៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំ១៩៩៨មក៕