(ព្រៃវែង)៖ ដូចអ្វីដែលបានសន្យា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារ ចុះប្រគល់ថវិកាចំនួន៤ពាន់ដុល្លារ ជូនគណៈកម្មការវត្តប្រាស្នា ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីទិញស៊ីម៉ង់សម្រាប់កសាងវត្ត។
បន្ថែមពីនេះ លោក ស សុខា ក៏បានប្រគល់ផ្ទះថ្មី៦ខ្នង ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះនាពេលកន្លងទៅ ហើយក៏បានឧបត្ថម្ភបន្ថែមនូវថវិកា មួយគ្រួសារ ១០០ដុល្លារផងដែរ និងមួយគ្រួសារផ្សេងទៀត ១លានរៀល ដើម្បីយកទៅសង់ថ្លៃជំពាក់គេដែលចាក់ដីធ្វើផ្ទះ។
ជាមួយគ្នានេះ លោកតំណាងរាស្ដ្រមណ្ឌលព្រៃវែងរូបនេះ ក៏បានប្រគល់ម៉ូតូចំនួន២គ្រឿង ដល់ក្រុមយុវជនសហភាពសហព័ន្ធស្រុកព្រះសម្ដេច និងជូនថវិកាមួយចំនួន ដល់អតីតសកម្មបក្សប្រឆាំង ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកតំណាងរាស្ដ្រមណ្ឌលព្រៃវែង ក៏បានប្រាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជានាយករដ្ឋមន្ដ្រី។
បន្ថែមពីនេះ លោកក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជូនប្រជាពលរដ្ឋដែលរងគ្រោះផងដែរ ដោយបង្ហាញពីកក់ក្ដៅចំពោះពលរដ្ឋ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ជួបការលំបាកនោះទេ៕