(កែប)៖ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្ត ជាង១០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៧ កើនឡើងជាង៥០០០នាក់។
នេះបើយោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ភ្ញៀវទេសចរសរុបដែលមកទស្សនាកម្សាន្តក្នុងខេត្តកែប រួមមានចំនួន ១០៥,០០០នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ កើនឡើងជាង៥០០០នាក់។
ស្នងការនគរបាលខេត្តកែប បានឲ្យដឹងផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម សភាពការក្នុងខេត្ដ មានសុវត្ថិភាព របៀបរៀបរយល្អ ពុំមានបទល្មើស នឹងបញ្ហាគួរកត់សំគាល់ និងគ្មានគ្រោះថ្នាក់ចរាចរកើតឡើងនោះទេ។
លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានបញ្ជាក់ទៀតថា ជាអ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ ទោះបីចំនួនភ្ញៀវ នឹងយានយន្តកើនឡើង ប៉ុន្តែមិនមានការកកស្ទៈចរាចរនោះទេ៕