(រតនគិរី)៖ លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា នៅរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ដែលគិតចាប់ពីថ្ងៃ១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានភ្ញៀវជាតិ និងអន្តរជាតិជាពិសេសអ្នកជាប់ខ្សែស្រឡាយចិន-វៀតណាម បានមកកំសាន្តនៅខេត្តរតនគិរីជិត១ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៧ កើនឡើង៥៣.៣%។
លោក ង៉ែត ពិទូ បានបញ្ជាក់ថា ពាក់ព័ន្ធលើម្ហូបអាហារតាមរមណីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ គឺលោកបានចាត់កម្លាំង ដើម្បីអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មទាំងនោះ មិនឲ្យមានការដំឡើងថ្លៃលក់ចំពោះភ្ញៀវជាតិ និងអន្តរជាតិ នៅអំឡុងចូលឆ្នាំចិន និងវៀតណាមនេះឡើយ។
លោក វេន ចឹក ជាគណៈកម្មការរមណីដ្ឋានបឹងយក្សឡោម បានឲ្យដឹងផងដែរថា ភ្ញៀវជាតិ-អន្តរជាតិ ក្នុងឱកាសចូលឆ្នាំចិន-វៀតណាមឆ្នាំ២០១៨នេះ មានការកើនឡើងហួសពីការរំពឹងទុក។ លោកថា នៅបឹងយក្សឡោម ដែលរមណីយដ្ឋានដ៏ល្បីល្បាញនៅខេត្តរតនគិរី កំណើរភ្ញៀវទេសចរកើងឡើងច្រើន សមត្ថកិច្ចនគរបាលចរាចរណ៍ សហការជាមួយកម្លាំងប្រជាការពារ រៀបចំទីចំណតមិនឲ្យមានការកកស្ទះនោះទេ។
ភ្ញៀនទេសចរណ៍មួយគ្រួសារ មកពីខេត្តតាកែវ បានបញ្ជាក់ឲ្យដឹង ទាំងទឹកមុខញញឹមថា ក្នុងខេត្តរតនគិរី ពួកគាត់បានទៅលេងកន្លែងទេសចរណ៍ធម្មជាតិជាច្រើន ប៉ុន្តែរមណីយដ្ឋានបឹងយក្សឡោម ពួកគាត់ចាប់ចិត្តជាងគេ៕