(សៀមរាប)៖ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីចិនចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ដ៏ល្អលើសគេក្នុងលោក ទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់។
យោងតាមរបាយការណ៍របស់ រដ្ឋបាលខេត្តសៀមរាប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ភ្ញៀវទេសចរសរុបដែលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប រួមមានចំនួន ៩០,៨២៦នាក់ កើនឡើង១៣.៩៣℅ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង៩ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៣៤,០២៦នាក់ កើនឡើង១០.៧៥ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួន ៥៦,៨០០នាក់ កើន១៥.៩២ភាគរយ។
សូមជម្រាបថា ដោយសារប្រជាជាតិមានសន្តិសុខ សុវត្ថិភាពល្អ ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនខ្លាំង ធ្វើឲ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនាកម្ពុជាកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសនៅខេត្តសៀមរាប ឲ្យតែមានបុណ្យទានម្តងៗ ភ្ញៀវទេសចរសម្រុក ទៅទស្សនាតំបន់អង្គរ និងរមណីយដ្ឋានដទៃទៀត យ៉ាងច្រើនកុះករ៕