(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានជំរុញដល់សមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវសហការួមគ្នា ដោយគ្មានបក្ខពួកនិយម ចូលមុនក្រោម ឬថ្មីចាស់នោះឡើយ ឲ្យតែចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាហើយ គឺជាគ្រួសាតែមួយ ជាឈាមជ័រកូនខ្មែរតែមួយ ត្រូវតែរួមសាមគ្គីគ្នា អភិវឌ្ឍន៍ភូមិឃុំ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា គោលការនយោបាយ
ដែលបក្សបានដាក់ចេញ។

ការលើកឡើងបានថ្លែងបែបនេះ ក្នុងធីសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ស្រុកជើងព្រៃ ថ្ងៃអាទិត្យ ៤កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលប្រព្រឹត្ដទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ។

លោកបណ្ឌិត ម៉ា ឈឿន ក៏បានណែនាំដល់សមាជិក-សមាជិកាបក្សទៀតថា «សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ហាមដាច់ខាត មានបក្ខពួកនិយម និងប្រើសមាជិកថ្មីចាស់ ឬអ្នកទើបតែចុះចូលថ្មី មិនថាមកពីណាគណបក្សនោះទេ ទោះទើបតែបានមួយថ្ងៃក៏ដោយ ព្រោះយើងសុទ្ធតែជាឈាមជ័រខ្មែរទាំងអស់គ្នា បេះដូងខ្មែរតែមួយ គឺត្រូវតែប្រើពាក្យថា គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន» ។​

លោកក៏បានអំពាវនាវ ដល់មន្រ្តីបក្សទាំងអស់ ត្រូវគាំទ្រកម្មវិធីនយោបាយគណបក្ស និងត្រូវសកម្មក្នុងការបំពេញមុខងារ​ តាមតួនាទី ដើម្បីពង្រឹងរចនាសម្ពន្ធ័ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្សគឺការចុះជួបគ្រួសារបក្សការចិញ្ចឹមចលនាបក្ស ការពង្រឹង ពង្រីកបក្ស និងការជំរុញសមាជិកបក្ស ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

លោកបណ្ឌិត ម៉ា ឈឿន ក៏ស្នើដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព និងមនសិការទទួលខុសត្រូវរបស់មន្ដ្រីជំនាញម្នាក់ៗ សហការគ្នារវាងថ្នាក់លើ និងថ្នាក់ក្រោម លុបបំបាត់បក្ខពួក អំពើពុករលួយ ពិសេសត្រូវធ្វើខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ដើម្បីដឹងច្បាស់ពីតំរូវការចាំបាច់របស់ពួកគាត់ ដែលមន្ដ្រីយើងត្រូវបំពេញបន្ថែម ។

លើសពីនេះ ត្រូវបន្ដលើកកម្ពស់ប្រសិទ្ធិភាព នៃការអនុវត្ដវិធានការ គោលការនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ​ ដើម្បីគំាទ្រដល់គោលដៅកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបចំពោះតម្រូវការផលប្រយោជន៍ប្រចាំថ្ងៃ របស់ប្រជាជនគ្រប់ស្រទាប់ ពិសេសប្រជាជនមានប្រាក់ចំណូលទាប ឲ្យបានប្រសើរឡើង៕