(សៀមរាប)៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបជិត ១ពាន់នាក់ ទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងនៅមណ្ឌលសុខភាពសំបួរ ស្ថិតនៅឃុំសំបួរ ស្រុកក្រឡាញ់។
ការងារនេះប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ទៀ សីហា ប្រធាន ស.ស.យ.ក ប្រចាំខេត្តសៀមរាប និងលោកស្រីអភិបាលស្រុកក្រឡាញ់ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងនោះមានក្រុមគ្រូពេទ្យចំនួន ៥៨នាក់។
បើតាមរបាយការណ៍ចុះពិនិត្យ និងព្យាបាលជំងឺបានឲ្យដឹងថា ការពិនិត្យព្យាបាលពេញមួយថ្ងៃនេះ មានប្រជាពលរដ្ឋមកទទួលសេវាបានចំនួន ៩៨៥នាក់ ក្នុងនោះមានកុមារចំនួន ២០៦នាក់ និងមនុស្សចាស់ ៥៤២នាក់។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ថា គោលបំណងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺផ្តល់ការព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីឡើយ។ ការព្យាបាលនេះ គឺជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខាភិបាល និងផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យដែលមានវិជ្ជាជីវពេទ្យ បានបង្ហាញកម្លាំងស្ម័គ្រចិត្តចូលរួមសកម្មភាពសង្គម។
លោកបានបន្តថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅគ្រប់បណ្តាស្រុក ទូទាំងខេត្តសៀមរាប ហើយកន្លងមក ក្រុមគ្រូពេទ្យបានអបរំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែទាំសុខភាពសុខភាពប្រចាំថ្ងៃ និងត្រូវប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ដោយផ្តោតសំខាន់លើអនាម័យ ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសជួយកាត់បន្ថយការចំណាយទៅលើការសេវាព្យាបាល។
លោក ទៀ សីហា បានលើកឡើងថា សុខភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ ជាគ្រឹះ ជាសសរទ្រូង និងជាធាតុចូលដ៏សំខាន់មិនអាចកាត់ថ្លៃបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយសុខភាពពិតជាមានតម្លៃជាងមាសពេជ្រទៅទៀត ព្រោះពលរដ្ឋមានសុខភាពល្អ ទើបគ្រួសារ និងសង្គមជាតិមានសុភមង្គល និងវឌ្ឍនភាព។
សូមជម្រាបថា ប្រជាពលរដ្ឋដែលបានទទួលការព្យាបាលឥតគិតថ្លៃនេះ បានមានបង្ហាញអារម្មណ៍រីករាយ ដែលបានឃើញក្រុមគ្រូពេទ្យយកចិត្តដាក់ព្យាបាល ប្រកបដោយភាពរួសរាយរាក់ទាក់ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕