(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៦២១គ្រឿង ក្នុងនោះបានរកឃើញយានយន្តល្មើសច្បាប់ចំនួន ៥៧៨គ្រឿង (ម៉ូតូ៥៦ភាគរយ) អប់រំបានចំនួន ៣២០គ្រឿង និងផាកពិន័យចំនួន ២៥៨គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ កម្លាំនគរបាលបានត្រួតពិនិត្យរួមចំនួន ៦០៥គ្រឿង ក្នុងនោះបានអប់រំ ១០០គ្រឿង និងផាកពិន័យចំនួន ៨៦គ្រឿង។
ដោយឡែក សម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលឃាត់បានម៉ូតូដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនគ្មានស្លាកលេខសរុបចំនួន ៥២៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១-១៨ ខែកុម្ភៈ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៨,៨៩៥គ្រឿង រកឃើញយានយន្តល្មើសច្បាប់ ៩,៦៥០គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៥,៦០០គ្រឿង និងផាកពិន័យ ៤,០៥០គ្រឿង (ម៉ូតូ៨៨ភាគរយ)៕