(កំពង់ធំ)៖ បន្ទាប់ពីទទួលដំណឹងថា សាលាឆាន់នៃវត្តតាំងក្រសៅ ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវអគ្គិភ័យឆាបឆេះអស់ កាលពីពេលថ្មីៗនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា បានចាត់តំណាងរបស់ខ្លួននាំយកសម្ភារប្រើប្រាស់ និងថវិកាចំនួន ៤លានរៀល ប្រគេនព្រះសង្ឃក្នុងវត្ត ដើម្បីដោះស្រាយការលំបាកនានា។
សកម្មភាពនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ហ៊ាន គឹមសឿន នាយកខុទ្ទការល័យធនាគាជាតិនៃកម្ពុជា តំណាងលោក ជា ចាន់តូ និងលោកស្រី។
លោក ហ៊ាន គឹមសឿន បានពាំនាំសារផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា និងសម្ដែងការសោកស្ដាយចំពោះគ្រោះមហន្ដរាយនេះ ទោះបីមិនមានអ្នកណាម្នាក់រងគ្រោះក៏ដោយ ប៉ុន្ដែនេះបានធ្វើឲ្យបាត់បង់មួយចំណែកដែរ ហើយក្នុងនោះលោក ហ៊ាន គឹមសឿន ក៏បានជំរុញឲ្យពលរដ្ឋគ្រប់រូប គប្បីប្រុងប្រយ័ត្នកុំឲ្យកើតមានគ្រោះអាក្រក់នេះម្ដងទៀតឲ្យសោះ។
នាឱកាសនោះដែរ លោក ហ៊ាន គឹម សឿន តំណងលោក ជា ចាន់តូ ក៏បានប្រកាសជួយជុសជុលច្រាំងស្រះទឹកមុខព្រះវិហារផងដែរ។
លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោក ជា ចាន់តូ ដែលជានិច្ចកាលតែងគិតគូរ និងជួយឧបត្ថម្ភដោះស្រាយគ្រប់បែបយ៉ាងទាន់ពេលវេលា។
លោកបន្តថា តាមរយៈអំណោយសប្បុរសធម៌ ដែលបាននាំយកមកប្រគេនព្រះសង្ឃនាពេលនេះ ជាសក្ខីភាពបង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដោយគ្មានថ្ងៃបំភ្លេចបានឡើយ។ ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកនេះ ក៏បានជួយដល់វត្តតាំងក្រសៅផងដែរ ដូចជាជួយដល់ការកសាងព្រះវិហារ និងពុទ្ធិសមិទ្ធផលនានា មានសាលាឆាន់ថ្មីជាដើម។
សូមរំឭកថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ សាលាឆាន់វត្តតាំងក្រសៅ ត្រូវបានអគ្គីភ័យបំផ្លាញទាំងស្រុង ហើយទំហំនៃការខូចខាត ត្រូវបានលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថាមានតម្លៃជាង ៤ម៉ឺនដុល្លាអាមេរិក៕