(កំពង់ធំ)៖ លោក ជា ចាន់តូ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង បានជំរុញឲ្យសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកំពង់ធំទាំងអស់ រួមគ្នាបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម និងត្រូវធ្វើយ៉ាងណារួមគ្នាលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមឲ្យបាន ដើម្បីសហការ ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្ត ខាងនយោបាយឲ្យបានមុតមាំ ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា ឆ្ពោះទៅកាន់គោលដៅជៅគជ័យតែមួយរួមគ្នា។
ការលើកឡើងបែបនេះរបស់លោក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នាឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងគោលការសំខាន់ៗនៃកម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការអនុវត្ដែផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានក្រើនរំលឹកដល់សមា ជិក-សមាជិកា មិនត្រូវមើលស្រាលសភាពការណ៍បច្ចុបុ្បន្ន ហើយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងមានប្រសិទ្ធភាពពិសេសត្រូវលុបបំបាត់អំពើពុករលួយ, បក្សពួកនិយម, គ្រួសារនិយម និងត្រូវចេះរួបរួមគ្នា សហការក្នុងការលើកកម្ពស់ការប្តេចជ្ញាចិត្ត ខាងនយោបាយឲ្យបានមុតមាំ ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា និងព្រមៗគ្នាឆ្ពោះទៅកាន់គោលដៅតែមួយ ក្នុងការដណ្តើមឲ្យបានឈ្នះជាបន្តទៀត ក្នុងការបោះឆ្នោតជាតិលើកទី៦ ដែលជាការបោះឆ្នោតដ៏មានសារសំខាន់បំផុត សម្រាប់គណបក្ស។
លោក ជា ចាន់តូ ក៏បានណែនាំដល់សមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ប្រកាន់ខ្ជាប់នូវគោលជំហរ មុតមាំក្នុងការអនុវត្តលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនប្រជាប្រិយភាពរបស់គណបក្ស សំដៅរក្សាជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ៕