(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការដោះដូរទំនិញរវាងកម្ពុជា-អាមេរិកនៅឆ្នាំ២០១៧ កើនឡើងគួរឲ្យកត់សម្គាល់បើធៀបជាមួយឆ្នាំ២០១៦។ របាយការណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន ៣,៤៦៤លានដុល្លារអាមេរិក កើនឡើងជិត ១០ភាគរយ បើធៀបឆ្នាំ២០១៦ ដែលមានតែ ៣,១៧៤លានដុល្លារអាមេរិក។
របាយការណ៍បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញមុខទំនិញទៅលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧មានតម្លៃទឹកប្រាក់ ៣,០៦៤លានដុល្លារអាម៉េរិក កើនឡើង ៨.៨៨ភាគរយ ពីចំនួនទឹប្រាក់ ២.៨១៤លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៦។
ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិកភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រមទាំងប្រភេទទំនិញកាបូបយួរសម្រាប់អ្នកដំណើរជាដើម។ ដោយឡែកការនាំចូលមុខទំនិញនានារបស់កម្ពុជា ពីសហរដ្ឋអាមេរិកវិញមានតម្លៃទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាម៉េរិក បានកើនឡើង ១១ភាគរយ ពីចំនួនទឹកប្រាក់ ៣៦០លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៦។
ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។ សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយកក្នុងរង្វង់ពី ២០ ទៅ៣០ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។
នៅឆ្នាំ២០១៧ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពន្ធទាំងស្រុងដល់ប្រទេសកម្ពុជា សម្រាប់ការនាំចូលប្រភេទកាបូបយូរអ្នកដំណើរ ចូលទៅកាន់ទីផ្សារអាមេរិក ដែលនេះគឺជាផ្នែកមួយជំរុញឲ្យការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក មានសន្ទុះកើនឡើង៕