(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម គិតចាប់ពីថ្ងៃទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរបានកើតឡើង ៥៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់ និងរបួសធ្ងន់ស្រាល ៧៤នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបង្ហាញដែរថា គ្រោះថ្នាក់ចរាចរអំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាមនៅឆ្នាំ២០១៨នេះ ថយចុះចំនួន ៤លើកបើធៀបនឹងឆ្នាំ២០១៧ ហើយចំនួនអ្នករងរបួសបានថយចុះ ២៣នាក់ផងដែរ។ តែអ្នកស្លាប់បានកើនឡើង ៥នាក់ទៅវិញ។
របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារការបើកបរលឿន ២៥លើក, ដោយសារស្រវឹង ៦លើក, ដោយសារប្រជែង ៧លើក, ដោយសារមិនប្រកាន់ស្តាំ ៤លើក...។ ខេត្តដែលកើតគ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តកំពង់ឆ្នាំង បានកើតគ្រោះថ្នាក់ចរាចរ ៩លើក បន្ទាប់មកខេត្តកណ្តាល កើតឡើងចំនួន៥លើក។
ជាការកត់សម្គាល់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនេះ ការធ្វើចរាចរណ៍លើដងវិថីក៏មានសភាពមមាញឹកណាស់ផងដែរ ទាំងប្រជាពលរដ្ឋចិន-វៀតណាមកំពុងរកស៊ីនៅកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន-វៀតណាម បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាយ៉ាងច្រើនកុះករ៕