(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះការដែលប្រពៃណីបុណ្យចូលឆ្នាំចិន មានថ្ងៃត្រណម ពីព្រោះពិធីបុណ្យចូលឆ្នាំនេះ ក្រៅពីពិធីបុណ្យដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីនោះ ក៏បង្កប់អត្ថន័យក្នុងទស្សនៈម្យ៉ាងទៀត គឺប្រៀបបានជាពិធីបុណ្យនៃការជួបជុំក្រុមគ្រួសារសាច់សារលោហិតដ៏ធំបំផុតមួយផងដែរ ដែលបានបែកគ្នាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដោយសារតែម្នាក់ៗរវល់តែការរកស៊ីទីជិតទីឆ្ងាយតាមកិច្ចការរៀងៗខ្លួននោះ។
ដោយសារតែកត្ដានេះផងដែរ ទើបគេកំណត់យកមួយថ្ងៃធ្វើជាថ្ងៃពិសេសទុកជានិមិត្ដរូបនៃការជួបជុំហៅថា «ថ្ងៃត្រណម» ក្នុងន័យឲ្យក្រុមគ្រួសារនីមួយៗ បានមានឱកាសដើម្បី ជជែកកំសាន្ដពីនេះពីនោះ ក្នុងការសួរសុខទុក្ខជាមួយគ្នាហ្នឹងឯង។
បើដូចនេះដោយសារពិធីបុណ្យចូលឆ្នាំ ជាពិធីបុណ្យបង្កប់ក្នុងទស្សនៈជួបជុំអីចឹងហើយ ទើបយើងឃើញថា សូម្បីតែគ្រឿងរណ្ដាប់សែនព្រេនមាននំ ចំណី ផ្លៃឈើផ្សេងៗ គឺសុទ្ធតែរាងមូលៗផងដែរ ប្រៀបបានជា «និមិត្ដរូបនៃការជួបជុំ និងមិនបែកបាក់គ្នា» យ៉ាងដូច្នោះដែរ។ ដោយក្នុងនោះមានជាអាទិ៍៖
* ផ្លែក្រួចឃ្វិច ជានិមិត្ដរូបលាភសំណាងល្អ
* ផ្លែប៉ោម ជានិមិត្ដរូបសេចក្ដីសុខ
* ផ្លែមៀន ជានិមិត្ដរូបនាគឬរកស៊ីមានបាន
* នំពងទា ជានិមិត្ដរូបការរីកចម្រើនហូរហៀរ
* ដើមអំពៅខ្មៅ ជានិមិត្ដរូបផ្អែមល្ហែមអាយុវែង។
លោក រត្ន័ សណ្ដាប់ បន្ដថាបើដូច្នេះ ដោយឈរលើទស្សនៈនេះហើយ ទើបពិធីបុណ្យចូលឆ្នាំចិនបានកំណត់យក១ថ្ងៃទុកជា «ថ្ងៃត្រណម» ដូចយើងឃើញបច្ចុប្បន្ននេះ គឺដើម្បីធ្វើជាថ្ងៃក្នុងការ ជួបជុំក្រុមគ្រួសារអំបូរនីមួយៗ ហើយក៏ជាថ្ងៃអប់រំកូនចៅឲ្យចេះដឹងគុណ ធ្វើបុណ្យ ធ្វើទានឲ្យគ្នាទៅគ្នាវិញទៅមក ដែលយើងហៅថា «អំាងប៉ាវ» នេះឯង៕