(ពោធិ៍សាត់)៖ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់ សម្រាប់មណ្ឌលភូមិភាគទី៧។
ពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សខេត្ត ក្រោមវត្តមានលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក ខូយ សុខា ទីប្រឹក្សាគណៈកម្មាធិការគណបក្សខេត្ត លោក ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត អភិបាលរងខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ រួមនឹងប្រតិភូអមដំណើរជាង៤០នាក់។
លោក ម៉ៅ ធនិន បានជម្រាបជូនពីសកម្មភាពការងារឃោសនា ចុះតាមស្រុកជួបអង្គបោះឆ្នោតផ្ទាល់ រយៈពេលកន្លងមក និងទិសដៅប៉ុន្មានថ្ងៃទៅមុខទៀត ព្រមទាំងបានរាយការណ៍លម្អិត ពីកម្មវិធីរៀបចំគ្រប់គ្រងដល់អង្គបោះឆ្នោត សម្រាប់ថ្ងៃបោះឆ្នោត។ ក្នុងនោះលោកបានបញ្ជាក់ថា នឹងរៀបចំកម្មវិធីបោះឆ្នោតសាកល្បង ដើម្បីពិនិត្យមើលអង្គបោះឆ្នោតត្រឹមត្រូវ ឬយ៉ាងណា ដើម្បីកែសម្រួល និងណែនាំមុន។
សម្តេចចៅហ្វាវាំង គង់ សំអុល បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត រៀបចំធ្វើយ៉ាងណាធានាឲ្យអង្គបោះឆ្នោតទាំងអស់ មានវត្តមាន និងបោះឆ្នោតឲ្យបានត្រឹមត្រូវ១០០% ព្រមទាំងប្រព្រឹត្តិដោយសេរីយុត្តិធម៌ ដែលទទួលយកបាន។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ បាននឹងកំពុងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ដោយឡែកថ្ងៃទី២៤ ជាថ្ងៃស មិនអនុញ្ញាតឲ្យឃោសនាទេ ខណៈដែលថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត៕