(មណ្ឌលគីរី)៖ ដោយមើលពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ជាអាជីវករផ្សារសែនមនោរម្យ នៅខេត្តមណ្ឌលគិរី ដែលទទួលរងគ្រោះដោយភ្លើងឆេះផ្សារ ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងគ្រោះនោះសរុបចំនួន ២១១គ្រួសារ ក្នុងនោះមាន អ្នករងរបួសសម្រាកនៅមន្ទីរពេទ្យ ចំនួន ៣នាក់ អ្នកស្លាប់ក្នុងអគ្គិភ័យចំនួន ២នាក់ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៨នាក់ ហើយព្រឹត្តិការណ៍ឆេះផ្សារនេះកើតឡើងកាលយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញទ្រព្យសម្បត្តិរបស់អាជីវករ។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ ក៏បានអំពាវនាវ ដល់ប្រជាជនទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ និងបានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។
គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ តង់១ និងថវិកា ១០០.០០០រៀល។ ដោយឡែកអាជីវកររងរបួសសម្រាកនៅមន្ទីរពេទ្យ ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល
យុវជនកាកបាទក្រហមកម្ពុជាដែលរងគ្រោះក្នុងអគ្គិភ័យ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ១លើក រួចមកហើយ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕