(ហ្សឺណែវ, ស្វីស)៖ តំណែងជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោករយៈពេញមួយឆ្នាំពី២០១៧នោះ បានបញ្ចប់ហើយ ហើយតំណែងនេះត្រូវប្រគល់បន្តទៅឲ្យប្រទេសអាហ្វ្រិកកណ្តាលវិញម្តង។ ពិធីផ្លាស់ប្តូរតំណែងប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួចនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះ និងមានការអញ្ជើញចូលរួមពីលោក Hassan COME រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល ដែលជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចថ្មី, លោក Yonov Frederick Agah, អគ្គនាយករងអង្គការ WTO និង អគ្គរាជទូត/រដ្ឋទូតនៃសមាជិកក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្ដិ បានរាយការណ៍ជូនសមាជិកអង្គពិធី និងភ្ញៀវកិត្តិយសពីជោគជ័យ និងសមិទ្ធិផលសម្រេចបាននានា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានក្រុមសម្របសម្រួលចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោករដ្ឋមន្ត្រី បានរំលេចនូវជោគជ័យមួយចំនួន រួមមាន៖ ការដឹកនាំចរចាឲ្យបានសម្រេចនូវការពន្យាពេលឲ្យសមាជិកប្រទេសអភិវឌ្ឍន៍តិចតួចមានសិទ្ធិប្រើប្រាស់ប៉ាតង់ផលិតឱសថសម្រាប់សុខភាពសាធារណៈ ការដឹកនាំចរចាឲ្យបានសម្រេចក្នុងការធ្វើឲ្យវិសោធនកម្មកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មដែលបានចូលជាធរមានរួចហើយ ការដឹកនាំចរចាឲ្យមានការអនុម័តលើសេចក្តីប្រកាសរួមថ្នាក់រដ្ឋមន្ត្រីនៃប្រទេសអភិវឌ្ឍន៍តិចតួច និងការដឹកនាំចរចាឲ្យបានសម្រេចលើការធ្វើទម្រង់បែបបទនៃសេចក្តីជូនដំណឹង (Notification) នៃវិធានប្រភពដើមទំនិញ។
ទាក់ទងនឹងទម្រង់បែបបទនេះ កម្ពុជាបានជំរុញឲ្យប្រទេសអភិវឌ្ឍន៍ចំនួន១៤ ជូនដំណឹងពីភាពអនុគ្រោះលើការអនុវត្តន៍វិធានប្រភពដើមទំនិញ និងប្រទេសចំនួន២៥ ធ្វើការជូនដំណឹងលើការបើកចំហរទីផ្សារសេវាកម្មបន្ថែមដល់ប្រទេសអភិវឌ្ឍន៍តិចតួច។ បន្ថែមពីលើនេះកម្ពុជាបានសម្របសម្រួលជាមួយដៃគូរអភិវឌ្ឍន៍ដើម្បីស្នើសុំជំនួយលើគម្រោងជាច្រើន ជូនប្រទេសអភិវឌ្ឍន៍តិចតួចទៀតផង។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក៏បានលើកឡើងពីការផ្តល់វិភាគទានជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យ រួមមានកិច្ចប្រជុំតុមូលស្តីពីការចរចាចូលជាសមាជិក WTO កិច្ចប្រជុំក្រុមប្រទេសនិយាយភាសាបារាំង និងកិច្ចប្រជុំគណៈកម្មាធិការនាយកនៃគម្រោងពង្រឹងសមាហរណកម្មជាដើម។
ក្នុងពិធីនោះសមាជិក WTO ស្ទើរតែទាំងអស់ រួមទាំងអគ្គនាយករងនៃអង្គការពាណិជ្ជកម្មពិភពលោក បានសម្តែងនូវការអបអរសាទរជាខ្លាំងដល់កម្ពុជាលើសមិទ្ធិផលធំៗដែលសម្រេចបាន និងបានទទួលស្គាល់ពីសមត្ថភាពដឹកនាំសម្របសម្រួលរបស់កម្ពុជា ហើយក៏បានអរគុណកម្ពុជាផងដែរ ដែលបានខិតខំទាញយកប្រយោជន៍ជូនប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់។
ជាមួយនោះ សមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ មានជំនឿយ៉ាងមុតមាំថា ទោះបីកម្ពុជាបានបញ្ចប់តួនាទីជាប្រធានក្រុមសម្របសម្រួលពេលនេះក៏ដោយ ក៏កម្ពុជានឹងនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់រយៈពេល២ឆ្នាំបន្តទៀត គឺឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងនាមជាសមាជិកត្រីភាគីនៃអ្នកសម្របសម្រួល (TROIKA) រួមជាមួយប្រទេសប៊េនីន និងសាធារណៈរដ្ឋអាហ្វ្រិចកណ្តាល ដើម្បីជំរុញការចរចាក្រោមក្របខ័ណ្ឌ WTO សំដៅបំរើផលប្រយោជន៍រួម។
ប្រទេសជាសមាជិក និងរដ្ឋមន្រ្តីនៃសាធារណៈរដ្ឋអាហ្វ្រិចកណ្តាល បានស្នើសុំកម្ពុជាប្រើប្រាស់បទពិសោធន៍ និងធនធានមនុស្សរបស់ខ្លួន បន្តជួយសម្របសម្រួលលើការចរចា និងផ្តល់យោបល់ ដើម្បីអោយក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ទទួលបានជោគជ័យ និងសមិទ្ធិផលបន្ថែមទៀត ក្នុងឆ្នាំ២០១៨ និង២០១៩។
លោក ប៉ាន សូរស័ក្តិ បានអរគុណដល់ប្រទេសជាសមាជិក និងអង្គការ WTO ដែលបានផ្តល់ការជឿជាក់ និងគាំទ្រដល់កម្ពុជា ដោយឯកឧត្តមបានសន្យាថា ក្នុងនាមជារដ្ឋមន្ត្រីនៃសមាជិកត្រីភាគីនៅអង្គការ WTO សម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ឯកឧត្តមនឹងបន្តតួនាទីជាសមាជិកសកម្ម ដើម្បីពង្រឹង និងពង្រីកតួនាទីរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងគោលបំណងទាញយកផលប្រយោជន៍ដទៃទៀត ក្រោមក្របខ័ណ្ឌចរចានៃអង្គការពាណិជ្ជកម្មពិភពលោក៕