(មណ្ឌលគិរី)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយកនូវអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយសារគ្រោះអគ្គីភ័យ ជាង២០០គ្រួសារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
គ្រួសាររងគ្រោះទាំងនោះ រួមទាំងគ្រួសារសពនិងរបួស ដែលត្រូវបានរងគ្រោះ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះខ្នងផ្ទះនិងតូបក្នុងផ្សារក្រុងសែនមនោរម្យ កាលពីយប់ថ្ងៃទី៩ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបណ្តាលឆេះផ្ទះសម្បែង និងតូបសរុប២២០ និងមានមនុស្សស្លាប់២នាក់ រងរបួសចំនួន៣នាក់។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តណ្ឌលគិរី បានថ្លែងប្រាប់ប្រជាពលរដ្ឋទាំងអស់នៅទីនោះថា មិនថានៅទីណាៗនោះឡើយ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន គឺលោកតែងតែយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដូចជា ចាស់ជរាគ្មានទីពឹង គ្រួសារទីទល់ក្រ ឬបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិឬអគ្គីភ័យ សម្តេចតែងតែនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃបងប្អូនដោយគ្មានការរើសអើងនិងមិនប្រកាន់និន្នាការនយោបាយ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសាររងគ្រោះចំនួន២១១គ្រួសារ នាថ្ងៃនេះរួមមាន អង្ករ ៣០គីឡូក្រាម មី ត្រីខ ឃីតមួយកញ្ចប់ថវិកាចំនួន១០ម៉ឺនរៀល តង់១។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បាននាំគ្នាថ្លែងនូវអំណរគុណដល់សកម្មភាពមនុស្សធម៌ដ៏ប្រពៃរបស់សម្តេកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ធ្វើឲ្យដក់ជាប់ក្នុងក្រអៅបេះដូងប្រជាពលរដ្ឋទូទាំងប្រទេសបំភ្លេចមិនបាន មានការពេញចិត្តពេញថ្លើមបំផុតចំពោះសកម្មភាពដ៏ល្អបែបនេះ និងសូមគាំទ្រជារៀងរហូត៕