(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការលាលែងចេញពីនយោបាយរបស់ លោក Bill English ប្រធានគណបក្ស National Party ដែលជាគណបក្សប្រឆាំងធំបំផុត នៅប្រទេសនូវែលហ្សេឡង់ ដែលចាញ់រយៈពេល២៧ឆ្នាំមកនេះ គឺជាគំរូល្អមួយសម្រាប់លោក សម រង្ស៊ី។
លោក សុខ ឥសាន បានអះអាងថា ដោយសារតស៊ូច្រេីនឆ្នាំ មិនបានសម្រេចផលឈ្នះឆ្នោត ទេីបលោក Bill English បានសុំលាឈប់ពីប្រធានគណបក្សប្រឆាំងមួយនេះ ដេីម្បីទៅប្រកបរបររកសុីជាឯកជនវិញ។ នេះជាគំរូល្អណាស់សម្រាប់អ្នកនយោបាយ បេីប្រកួតប្រជែងមិនឈ្នះគេហេីយ ត្រូវតែក្លាហានលាឈប់ដោយខ្លួនឯងទេីបជាការល្អ។
លោកបានបន្តថា «ដូច្នេះ ទណ្ឌិត សម រង្សី នៅក្រាញចង់តតាំងអីទៀត បេីបរាជ័យជាង២០ឆ្នាំ តាំងពីនៅមានតួនាទីក្នុងស្រុក រហូតបរាជ័យអស់គូថខោរត់ទៅនីរទេសខ្លួនកណ្តោចកណ្តែងឯនាយសមុទ្រ ហេីយនៅតែតាមព្យាបាទប្រទេសកម្ពុជា និងប្រជាជនកម្ពុជាតទៅទៀត ដោយមិនចេះខ្មាស់អៀនទាល់តែសោះ។ គួរតែសម រង្សី រៀនសូត្រនិងយកគំរូតាមលោក Bill English ទៅរកសុីលក់នំបុ័ងអីតាមចិញ្ចេីមថ្នល់ ទេីបត្រឹមត្រូវ»។
មេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុត របស់ប្រទេសនូវែលសេឡង់ លោក បៀល អ៊ីងគ្លីស (Bill English) បានប្រកាសកាលពីថ្ងៃអង្គាថា លោកបានសម្រេចចិត្តថា នឹងដើរចេញពីការងារនយោបាយនៅដំណាច់ខែកុម្ភៈនេះ។ យោងតាមលោក Bill English ការសម្រេចចិត្តបែបនេះ ធ្វើឡើងក្រោមហេតុផលផ្ទាល់ខ្លួន គឺលោកចង់ធ្វើតាមបណ្ដាមេដឹកនាំរបស់លោកមុនៗ និងដើម្បីចូលរួមប្រឡូកក្នុងការធ្វើជំនួញ។ លើសពីនេះទៅទៀត លោក English ក៏ត្រូវបានគេរំពឹងដែរថា នឹងថ្លែងសុន្ទរកថាជាលើកចុងក្រោយ ទៅកាន់សភានៅថ្ងៃទី០១ ខែមីនា។
គួរបញ្ជាក់ថា ក្រោយបម្រើការងារអស់រយៈពេល ២៧ឆ្នាំ ក្នុងឆាកនយោបាយ លោក English បានដឹកនាំ គណបក្ស National Party ដោយទទួលបានសំឡេងគាំទ្រជាង ៤៤.៤ភាគរយ នៅក្នុងការបោះឆ្នោតកាលពីខែកញ្ញា កន្លងទៅ៕