(ភ្នំពេញ)៖ រោងចក្រកាត់ដេរចំនួន៣ ដែលមានថៅកែតែមួយ ហើយបានរត់ចោលក្រុមកម្មករដោយមិនបើកប្រាក់ខែធ្វើឲ្យនោះ បានធ្វើឲ្យក្រុមកម្មករមានការជ្រួលច្របល់ច្រើនថ្ងៃមកហើយ តែនៅទីបំផុតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងសហជីពចំនួន២ និងអាជ្ញាធរមូលដ្ឋាន បានដោះស្រាយបញ្ចប់រឿងនៅរោងចក្រចំនួន២ហើយ តាមរយៈការលក់ឡៃឡុងសម្ភារនៅក្នុងរោងចក្រទាំង២នោះ។
ប៉ុន្តែការដោះស្រាយនេះ ក្រុមកម្មករបាននិយាយថា ពួកគេទទួលយកដំណោះស្រាយខាងលើទាំងមិនសប្បាយចិត្តឡើយ ព្រោះពួកគេម្នាក់ៗទទួលបានលុយត្រឹម៦៦ភាគរយ នៃចំនួនប្រាក់ខែប៉ុណ្ណោះ ។ លុយដែលបានមកពីការលក់ឡៃឡុងសម្ភារ មានការបាត់បង់ច្រើនសន្ធឹកសន្ធាប់ពេក ដែលតាមការដែលពួកគេដឹង អាចបាត់ខ្ទង់ជិត១០ម៉ឺនដុល្លារទៀតឯណោះ ដោយមិនដឹងថា គណៈកម្មការ និងសហជីពទាំង២ យកទៅណាទេ ហើយបើកុំតែបាត់ ពួកគេត្រូវទទួលបាន១០០ភាគរយ ឬក៏ជិត១០០ភាគរយ នៃចំនួនប្រាក់ខែទៅហើយ។
តំណាងកម្មករម្នាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា រោងចក្រទាំ២ ដែលត្រូវបានដោះស្រាយបញ្ចប់រឿង លែងមានការតវ៉ាពីសំណាក់ កម្មករទៅទៀតនោះ គឺមានទី១ រោងចក្រកាត់ដេរ «អេស អ អ៊ី ហ្គាមេន» និងទី២ រោងចក្រ «យ៉ូ ដា ហ្គាមេន អ៊ិនដាស់ស្ទ្រី» មានទីតាំងនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រទាំង២នេះ មានកម្មក កម្មការិនីសរុបចំនួន៨៦៩នាក់ ហើយពួកគេបានជ្រួលច្របល់ចាប់តាំងពីវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ មកម្ល៉េះបន្ទាប់ពីបាត់ខ្លួន ថៅកែជនជាតិចិនរត់ចោល។
រោងចក្រទាំង២ខាងលើនោះ ជាសាខារបស់រោងចក្រកាត់ដេរ អ៊ីហ្វា ហ្គាមិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ កម្មករបានធ្វើការតវ៉ា រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ ទើបក្រសួងការងាររួមជាមួយរួមជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងសហជីពមុំសៀក និងសហជីព លីវ៉េង និងអាជ្ញាធរមូលដ្ឋាន សម្រេចលក់ឡៃឡុងសម្ភារនៅក្នុងរោងចក្រទាំង២នោះ ដើម្បីយកប្រាក់បើកឲ្យកម្មករកម្មការិនីខាងលើ ចំនួន៨៦៩នាក់នោះ បញ្ចប់បញ្ហាការតវ៉ាតទៅទៀត ចំណែករោងចក្រ អ៊ីហ្វា ហ្គាមិន នៅមិនទាន់ដោះស្រាយនៅឡើយ។
កម្មករបាននិយាយរអ៊ូរទាំថា ពួកគេទទួលយកដំណោះស្រាយខាងលើ ទាំងមិនសប្បាយចិត្តទាល់តែសោះ ព្រោះដំណោះស្រាយខាងលើ មានភាពមិនប្រក្រតីឡើយ។ ពួកគេបានដឹងថា ការឡៃឡុងសម្ភារនៅក្នុងរោងចក្រទាំង២ខាងលើ បានរហូតដល់ទៅជាង២៥ម៉ឺនឯណោះ ប៉ុន្តែត្រូវបានខាងគណៈកម្មការប្រាប់ថា លក់បានតែចំនួន១៥៥,៥០០ដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះសហជីពទាំង២ ដែលពួកគាត់គិតថា ជាអ្នករកផលប្រយោជន៍ជូនកម្មករ បានទាមទារយកចំនួន១៥,៥០០ដុល្លារ ហើយដោយសារតែទ័លច្រកហើយ មិនដឹងថា ត្រូវទៅពឹងខាងណាឲ្យជួយ ទើឲ្យសហជីពទាំង២ ជួយទាំងការមិនសប្បាយចិត្ត។
រីឯខាងក្រសួងស្ថាប័ននានា អាចនៅសល់ជិត១០ម៉ឺនដុល្លារចែកគ្នា ដោយឡែក ពួកកម្មករម្នាក់ៗទទួលបានលុយត្រឹម៦៦ភាគរយ នៃចំនួនប្រាក់ខែរបស់ខ្លួនប៉ុណ្ណោះ ហើយប្រសិនបើយកលុយទាំងជាង២៥ម៉ឺនដុល្លារនោះ មកចែកកម្មករទាំងអស់វិញ និងបាន១០០ភាគរយនៃប្រាក់ខែហើយ។
ចំណែកមន្រ្តីក្រសួងការងារដែលចូលរួមដោះស្រាយបានអះអាងថា ការឡាយឡុងសម្ភារ នៅក្នុងរោងចក្រទាំង២ខាងលើនោះ បានត្រឹមចំនួន១៥៥,៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបើកឲ្យកម្មករទាំង៨៦៩នាក់នោះ ដែលក្នុងម្នាក់ៗទទួលបាន៦៦ភាគរយ នៃប្រាក់ខែរបស់ពួកគេដើម្បីបញ្ចប់វិវាទខាងលើនេះ៕