(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌទួលគោក លោក ហ៊ុន សុធី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ប្តី-ប្រពន្ធ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ នាឱបុណ្យចូលឆ្នាំចិនថ្ងៃទី២។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ៦០៦ ក្រុមទី៥៤ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក តែពួកគេត្រូវរងនូវ ការចាប់ខ្លួនពីសមត្ថកិច្ចនៅក្នុងវត្តនាគវ័ន្តតែម្តង។
លោកអធិការ បានបញ្ជាក់ថា ប្តីមានឈ្មោះ អ៊ឹម រិទ្ធី ហៅវ៉ា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវរថភ្លើង ក្រុម១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងប្រពន្ធឈ្មោះ នូ ដាលីន អាយុ២៦ឆ្នាំ មុខរបរពុំពិតប្រាកដស្នាក់នៅជាមួយគ្នា។ ដោយឡែកជនរងគ្រោះមានឈ្មោះ អ៊ឹម វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកក្រុមហ៊ុន TNJ Electric ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេច៧ ភូមិបន្លាស្អិត (បុរីអង្គរភ្នំពេញ) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់លោកអធិការ បានឲ្យដឹងថា មុនពេលកើតហេតុពោលនៅវេលាម៉ោង១១៖៥០នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ជនរងគ្រោះបានជិះរថយន្តមកឈប់ នៅមុខភោជណីយ៍ដ្ឋានយីហោល្មុតទុំ ផ្ទះលេខ២៦ ផ្លូវ៦០៦ ក្រុម៥៤ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្នុងគោលបំណងចូលហូបបាយ ដោយដើរចុះពីរថយន្ត
យូរការបូបនៅដៃ បំរុងឆ្លងផ្លូវចូលហាង ស្រាប់តែជនសង្ស័យទាំង២នាក់ប្តី-ប្រពន្ធ (ប្តីជាអ្នកបើកម៉ូតូ រីឯប្រពន្ធជាអ្នកអង្គុយក្រោយ) បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស មកអែបជិតរួចធ្វើសកម្មភាពឆក់កាបូប ពីដៃជនរងគ្រោះបានសំរេចគេចខ្លួនបាត់។
លុះក្រោយពេលកើតហេតុ ជនរងគ្រោះមកដាក់ពាក្យប្តឹងរាយការណ៍ពីភិនភាគជនសង្ស័យ និងសកម្មភាព រួមទាំងចុះដល់កន្លែងកើតហេតុ កម្លាំងនគរបាលក្តាប់បានពីមុខសញ្ញា ឈានដល់ការឃាត់ខ្លួន និងដកហូតសំភារ:ជនរងគ្រោះបានប្រគល់ឲ្យវិញផងដែរ។
ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាក iPhone 7Plus SAMSUNG Not 8) កាបូបស្ពាយចំនួន១កាបូបដៃចំនួន១ ប៉ិចចំនួន១, លិខិតឆ្លងដែនចំនួន១ក្បាល, ខ្សែសាកនាឡិកា០១ និងលុយដុល្លារចំនួន៣០០$ (ជារបស់ជនរងគ្រោះ) និងម៉ូតូចំនួន០១គ្រឿងម៉ាក Scoopy ពណ៌ស
ពាក់ស្លាកលេខ ភ្នំពេញ1GR-3807 សេរីឆ្នាំ២០១៥ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕