(ហ្សឺណែវ, ស្វីស)៖ ភារកិច្ចជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា ដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រគល់ជូនពេញមួយឆ្នាំ២០១៧កន្លងទៅនោះ ត្រូវបានបញ្ចប់ហើយ ហើយតួនាទីត្រូវបានប្រគល់ជូនបន្តទៅប្រទេសអាហ្វ្រិកកណ្តាល។ ពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
រយៈពេលមួយឆ្នាំក្នុងតួនាទីជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួចនេះ កម្ពុជា បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចរចាទាញយកនូវអត្ថប្រយោជន៍នានា ពីអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏បានចែករំលែកនូវបទពិសោធន៍ជាច្រើនទៀត ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលមិនទាន់ក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភាពលោក។ ការចែករំលែកបទពិសោធន៍ ដើម្បីប្រទេសទាំងនោះត្រៀមលក្ខណៈសម្បត្តិស្នើសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។
លោក Roberto Azevêdo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានសម្តែងការអបអរសាទរពីសមិទ្ធិផលនានាក្រោមការខិតខំរបស់កម្ពុជា និងបានសរសើរពីការដឹកនាំសម្របសម្រួលរបស់កម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដែលជាឆ្នាំនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ ហើយក៏បានអរគុណកម្ពុជាផងដែរ ដែលបានខិតខំទាញប្រយោជន៍ជូនប្រទេសអភិវឌ្ឍន៍តិចតួច ក៏ដូចជាគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
លោកអគ្គនាយក បានស្នើសុំកម្ពុជាបន្តដើរតួនាទីជាសមាជិកត្រីភាគីនៃអ្នកសម្របសម្រួល (TROIKA) សម្រាប់រយៈពេល ២ឆ្នាំទៀត គឺឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយលោកនឹងយកតួនាទីជាអគ្គនាយក WTO លើកទឹកចិត្តសមាជិកទាំងអស់ឲ្យអនុវត្តន៍សេចក្តីសម្រេចនានា និងពិនិត្យលទ្ធភាពជួយបណ្តុះបណ្តាលធនធានមនុស្សបន្តទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងតួនាទីជាសមាជិកត្រីភាគីនៃអ្នកសម្របសម្រួល (TROIKA) កម្ពុជាបន្តយកតួនាទីតំណាងឲ្យប្រទេសអភិវឌ្ឍន៍តិចតួច ជំរុញសមាជិកទាំងអស់ឲ្យអនុវត្តសេចក្តីសម្រេចថ្នាក់រដ្ឋមន្រ្តី ពិសេសសេចក្តីសម្រេចទីក្រុង Hong Kong, Bali និង Nairobi សម្រាប់បង្កើនការនាំទំនិញចេញដោយរួចពន្ធ និងមិនជាប់កូតា ទទួលបាននូវភាពអនុគ្រោះលើវិធានប្រភពដើមទំនិញ និងការបើកចំហរសេវាកម្មបន្ថែមជាដើម។
លោក ប៉ាន សូរស័ក្តិ បានអរគុណ និងបានឆ្លើយតបជាវិជ្ជមានថា ក្នុងនាមជាសមាជិក TROIKA កម្ពុជានឹងជួយសម្របសម្រួល និងគាំទ្រអ្នកសម្របសម្រួលថ្មី ដើម្បីទាញប្រយោជន៍ជូនប្រទេសអភិវឌ្ឍន៍តិចតួចបន្តទៀត ក៏ដូចជាការជំរុញចលនាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម៕