(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាឲ្យកម្លាំងនគរបាលនៅតាមខណ្ឌ តាមចាប់វាយខ្នោះបុរសម្នាក់បើករថយន្ត Lexus ដោយមានអការៈស្រវឹងខ្លាំងបំបុកសមត្ថកិច្ចនៅពេលដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅតាមផ្លួវជាតិលេខ៥ ក្នុងសង្កាត់-ខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា នៅយប់មិញនេះ កម្លាំងរបស់យើងបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅមូលដ្ឋានខណ្ឌឬស្សីកែវ ពេលនោះស្រាប់តែជនបង្កបានបើករថយន្តមក ហើយកម្លាំងក៏ឲ្យចូលទៅក្នុងកន្លែងត្រួតពិនិត្យ រួចនគរបាលរបស់យើងម្នាក់ បានលើកដៃគោរពសួរនាំ និងចង់ត្រួតពិនិត្យជាតិស្រវឹង ស្រាប់តែជននោះ មិនបានស្តាប់ការណែនាំរបស់យើង ក៏ជាន់ហ្គែបំបុកកម្លាំងយើងបណ្តាលឲ្យដួលបែកក្បាលរងរបួសធ្ងន់។
នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា «បន្ទាប់ពីបង្កសកម្មភាពបទល្មើសនេះ ជនបង្កបានបើករថយន្តរត់ នៅពេលនោះ ខ្ញុំបានបញ្ជាឲ្យអធិការតាមខណ្ឌ ចេញកម្លាំងតាមស្ទាក់ចាប់ រហូតឃាត់ខ្លួនបានទាំងមនុស្ស និងរថយន្ត។ ករណីនេះខ្ញុំគិតថា វាជាអំពើប៉ងឃាតកម្មរបស់ជនេះ»។
ដោយឡែកជនរងគ្រោះឈ្មោះ ហ៊ុល ចាន់រាសី អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះ។ នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ស្នងការបានអញ្ជើញចុះទៅសួរសុខទុក្ខផ្ទាល់ និងបានផ្តល់ថវិកាចំនួន២លានរៀលជូនជនរងគ្រោះផងដែរ។
សម្រាប់ស្ថានភាពជនរងគ្រោះវិញ ត្រូវបានលោកវេជ្ជបណ្ឌិត ប្រាប់មកនាយឧត្តមសេនីយ៍ស្នងការថា កំពុងស្ថិតក្រោមការសម្រាកព្យាបាល និងតាមដានបន្តទៀត ពីព្រោះជនរងគ្រោះ មានឈាមហូរនៅក្នុងស្រោមខួរក្បាល ដូច្នេះមិនទាន់ដឹងថា នឹងត្រូវធ្វើការវះកាត់ទៀត ឬយ៉ាងណានោះទេ ដោយរង់ចាំការតាមដានតាមរយៈការប្រើប្រាស់ថ្នាំជាបណ្តោះអាសន្នសិន។
សម្រាប់ជនបង្ក និងរថយន្តរបស់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីជាធរមាន ដោយមិនអាចលើកលែងឲ្យបាននោះទេ។
អធិការរងនគរបាលខណ្ឌឬស្សីកែវ ក៏បានបញ្ជាក់ផងដែរថា ជននេះមានចេតនាពេញទំហឹងតែម្តង ដោយពេលបើកចូលកន្លែងប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍នោះ ក៏បើករុលទៅមុខរហូត ក៏បុកចំនគរបាលរងគ្រោះរបស់យើងបណ្តាលឲ្យដួលបោកក្បាលទៅក្រោយរងរបួសធ្ងន់តែម្តង។
លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា អ្នកបើករថយន្តរូបនេះមានអការៈស្រវឹងខ្លាំង ហើយនៅពេលនេះត្រូវបាននាំខ្លួនមកកាន់ការិយាល័យដើម្បីសួរនាំ និងចាត់ការបន្តទៀត៕