(ភ្នំពេញ)៖ សំណង់វិមានឈ្នះឈ្នះដែលបានសាងសង់អស់រយៈពេលជិតពីរឆ្នាំមកហើយនោះ នៅពេលនេះបានត្រៀមដាក់តាំងសិលាចារឹកនៅលើតួវិមានឈ្នះឈ្នះដែលក្រុម ការងារសាងសង់វិមានឈ្នះឈ្នះបានឆ្លាក់រួចរាល់ហើយនោះ។ តាមរយៈហ្វេសប៊ុករបស់លោក ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញនូវសិលាចារឹកចំនួនពីរផ្ទាំងដែលនឹង ត្រូវដាក់តាំងនៅលើសំណង់វិមានឈ្នះឈ្នះ។
ខ្លឹមសារនៃសិលាចារឹកនេះបានបង្ហាញពីជោគជ័យ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធារបស់ពួកខ្មែរក្រហម និងធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញនៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំ១៩៩៨មក។
អាស្រ័យដោយនយោបាយឈ្នះឈ្នះមានគុណតំលៃជាប្រវត្តិសាស្រ្តដ៏ធំធេង ទើបរាជរដ្ឋាភិបាលកំណត់យកថ្ងៃអង្គារ១២ កើតខៃបុស្ស ឆ្នាំខាល សំរឹទ្ធិសក័ ពស ២៥៤២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ១៩៩៨ ជាទិវានយោបាយឈ្នះឈ្នះ។
សូមបញ្ចាក់ថា ក្រុមការងារសាងសង់វិមានឈ្នះឈ្នះបានឆ្លាក់រូបចំលាក់ រួចរាល់ហើយដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះឈ្នះដែលរូបចំលាក់នេះ ទាក់ទងទៅនឹងប្ររវត្តិដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសង្គ្រោះជាតិកម្ពុជា។ នៅមានរូបចំលាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះឈ្នះដូចជា រូបចំលាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ ត្រូវបានដាក់ជាបន្តបន្ទាប់នៅលើវិមានឈ្នះឈ្នះនេះ។
ថ្វីត្បិតតែក្នុងពេលបច្ចុប្បន្ននេះ សំណង់វិមានឈ្នះឈ្នះមិនទាន់បានសាងសង់រួចរាល់ជាស្ថាពរយ៉ាងណាក្តី ប៉ុន្តែសំណង់នវបានក្លាយទៅជាកន្លែងទស្សានា និងសិក្សាស្រាវជ្រាវ ជាបណ្តើរៗរបស់មហាជន សិស្ស និសិ្សត សិក្ខាកាមយោធា រួមនឹងអ្នកសិក្សាអំពីប្រវត្តិសាស្ត្រ ដែលទាក់ទងទៅនឹងការទទួលបានសុខសន្តិភាព របស់ព្រះរាជាណចក្រកម្ពុជា ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេលជាង៥០០ឆ្នាំកន្លងមក។ សំណង់វិមានឈ្នះឈ្នះបានសាងសង់លើផ្ទៃដីទំហំ៨ហិកតា មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា រាជធាភ្នំពេញ ទល់មុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។